(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានសេចក្តីថ្លែងការណ៍ចំនួន៨ចំណុច អំពីការវិវត្តន៍ថ្មីៗ និងបញ្ជាក់ឡើងវិញពីជំហរជាគោលការណ៍របស់កម្ពុជា ទាក់ទងនឹងបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ។
តាមរយៈសេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជំហររបស់ព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖
ទី១៖ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ៥:៣០នាទីព្រឹក កងកម្លាំងប្រដាប់អាវុធថៃបានចូលទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានបើកការបាញ់ប្រហារមកលើប៉ុស្តិ៍យោធា កម្ពុជាមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំខ្សាន ខេត្តព្រះវិហារ។ ទង្វើដោយគ្មានការបង្កហេតុជាមុននេះ បានធ្វើឲ្យបាត់បង់ជីវិតទាហានខ្មែរមួយរូបយ៉ាងអាណោចអធម។
នៅថ្ងៃបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជាបានចេញការតវ៉ាជាផ្លូវការ ដោយថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលជាទង្វើមួយផ្ទុយនឹងធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ។ កម្ពុជាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀងលើឧបទ្ទវហេតុនេះ ហើយទាមទារឱ្យមានការ ទទួលខុសត្រូវ និងយុត្តិធម៌សម្រាប់ទាហានដែលបានស្លាប់។
ទី២៖ នៅចំពោះមុខការប្រើប្រាស់កម្លាំងមិនសមហេតុផលនេះ កម្ពុជាបានអនុវត្តការអត់ធ្មត់ ជាទីបំផុត និងបានចាត់វិធានការប្រកបដោយការទទួលខុសត្រូវ ដើម្បីកាត់បន្ថយភាពតានតឹង រួមទាំងការឆ្លើយឆ្លង និងការប្រាស្រ័យទាក់ទងនៅកម្រិតរដ្ឋាភិបាល និងយោធា។ តែគួរឱ្យសោកស្តាយស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ដោយមានកំណើនការដាក់ពង្រាយកម្លាំងយោធាខាងភាគីថៃ ដែលជំរុញឱ្យកម្ពុជាចាត់វិធានការពារខ្លួនជាចាំបាច់ សំដៅទប់ស្កាត់ការទន្ទ្រានដីយើងបន្ថែមទៀត។
សកម្មភាពឯកតោភាគីរបស់ប្រទេសថៃ រួមមានការបិទព្រំដែនដោយគ្មានការពិគ្រោះយោបល់ជាមុន ការជីកលេណដ្ឋាននៅក្នុងតំបន់រសើប និងគំរាមកំហែងកាត់សេវាកម្មចាំាច់នានា ដូចជាការកាត់ផ្តាច់សេវាអ៉ីនធឺណែត ការផ្គត់ផ្គង់អគ្គិសនី និងប្រែង បានបង្កើតភាពតានតឹងយ៉ាងខ្លាំង។ បន្ថែមពីនេះ បញ្ហាប្រឈមទាំងនេះ នៅតែជាប់គាំងដ៏យូរនូវដំណើរការរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ព្រោះតែភាគីថៃមិនឆ្លើយតបនឹងការអញ្ជើញរបស់កម្ពុជាឲ្យមកចូលរួមកិច្ចប្រជុំ ម្តងហើយម្តងទៀត ការដែលភាគីថៃ ទទូចទាមទារប្រើប្រាស់ផែនទីដែលគូរដោយឯកតោភាគី ផ្ទុយនឹង ខ្លឹមសារ និងស្មារតីនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ2000 (MOU-2000) ដែលចែងអំពីការប្រើប្រាស់ ផែនទីផលិតដោយគណៈកម្មការចំរុះបារាំង-សៀម និងការប្រកាសចង់ប្រើកម្លាំងរបស់យោធាថៃ ដើម្បីដោះស្រាយតំបន់ជម្លោះ។ លើសពីនេះទៀតភាពតានតឹងបច្ចុប្បន្ននៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនអាចនឹងក្លាយទៅជាការផ្ទុះអាវុធ ដូចដែលបានកើតឡើងនៅចន្លោះឆ្នាំ ២០០៨-២០១១។ ក្នុងកាលៈទេសៈនេះ កម្ពុជាបានសន្និដ្ឋានថា យន្តការទ្វេភាគីលែងមានលទ្ធភាពហើយក្នុងការដោះស្រាយ វិវាទលើចំណុចមួយចំនួនដែលអូសបន្លាយយូរមកហើយ។
ទី៣៖ ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ និងដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់យើងក្នុងការទប់ស្កាត់ការរីករាលដាលទៅជាជម្លោះពេញទំហឹង ដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុ ជីវិតប្រជាពលរដ្ឋ កម្ពុជាបានសម្រេចចិត្តបញ្ជូនបញ្ហាទាក់ទងនឹងតំបន់ចំនួនបួនដែលមានជម្លោះរ៉ាំរៃ និងមិនទាន់បានដោះស្រាយគឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ការស្នើជំនួយពីយន្តការច្បាប់ មិនលម្អៀងនេះ គឺជាផ្លូវប្រកបដោយប្រសិទ្ធភាព និងសន្តិភាពបំផុតឆ្ពោះទៅរកដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរង្វែង។
ទី៤៖ នៅថ្ងៃទ៦ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើការអញ្ជើញជាផ្លូវការទៅកាន់សមភាគីថៃ ដើម្បីរួមគ្នាបញ្ជូនសំណុំរឿងទៅតុលាការ ICJ។ ការអញ្ជើញនេះត្រូវបានធ្វើជាថ្មីម្តងទៀត នៅក្នុងកិច្ចប្រជុំគណកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៤ ដល់១៥ ខែមិថុនា ឆ្នាំ ២០២៥។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការពីភាគីថៃនៅឡើយទេ។
ទី៥៖ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ជូនវិវាទទៅតុលាការ ICJ គឺស្របទាំងស្រុងជាមួយ នឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការសម្រេចចិត្តនេះគឺផ្អែកលើមូលដ្ឋានច្បាប់ដ៏ រឹងមាំ ដោយសារតំបន់វិវាទទាំងនេះស្ថិតនៅលើទឹកដីកម្ពុជាទាំងស្រុង តាមការកំណត់ដោយអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ហើយដូចដែលបានឆ្លុះបញ្ចាំងនៅលើ ផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម។ ផែនទីទាំងនេះត្រូវបានទទួលស្គាល់ និងអនុម័ត រួមគ្នាដោយប្រទេសទាំងពីរ ហើយត្រូវបានបញ្ជាក់ជាថ្មីនៅក្នុង MOU-2000 សម្រាប់ជាមូលដ្ឋានអនុវត្ត ការងារខណ្ឌសីមាព្រំដែន។
ទី៦៖ សំណើរបស់កម្ពុជាទៅកាន់ ICJ ដែលជាស្ថាប័នតុលាការចម្បងរបស់អង្គការសហប្រជាជាតិ មិនគួរត្រូវបានយល់ខុសថាជាអំពើអរិភាព ឬការបង្កហេតុនោះទេ។ ផ្ទុយទៅវិញ វាគឺជាវិធានការតាមសន្តិវិធីប្រកបដោយការទទួលខុសត្រូវ និងស្របច្បាប់ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដោយឥតងាករេរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
សមាជិកអាស៊ានផ្សេងទៀត ដូចជា៖ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី (២០០២) និងម៉ាឡេស៊ី និងសិង្ហបុរី (២០០៨) ក៏បានងាកទៅរក ICJ ដើម្បីដោះស្រាយជម្លោះទឹកដីរបស់គេដោយជោគជ័យ និងការគោរពគ្នាទៅវិញ ទៅមក។ កម្ពុជានៅតែបើកចំហចំពោះយន្តការទ្វេភាគី ដែលមានស្រាប់សម្រាប់ការដោះស្រាយផ្នែក ដែលនៅសេសសល់នៃព្រំដែនស្របតាមច្បាប់អន្តរជាតិ លើកលែងតែតំបន់ជម្លោះទាំងបួនខាងលើ។
ទី៧៖ ជាថ្មីម្តងទៀត កម្ពុជាជំរុញឱ្យព្រះរាជាណាចក្រថៃ បង្ហាញសេចក្តីស្មោះត្រង់ ដោយទទួល យកយុត្តាធិការរបស់ ICJ ក្នុងរឿងនេះ។ ជំហានបែបនេះគឺជាការអនុវត្តនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រក្នុងការសម្រេច បាននូវដំណោះស្រាយដ៏ត្រឹមត្រូវ យុត្តិធម៌ និងដោយសន្តិវិធី ដែលជាការរួមចំណែកដល់សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ និងតំបន់ទាំងមូល។
និងទី៨៖ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះដោយ សន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាមានបំណងប្រែក្លាយព្រំដែនរួមទៅជាតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។ តែជាមួយគ្នានេះ កម្ពុជានឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដែលជាសិទ្ធិត្រូវបានធានាសម្រាប់រដ្ឋអធិបតេយ្យទាំងអស់នៅក្រោមច្បាប់អន្តរជាតិ ហើយរំពឹងថាប្រទេសជិតខាងរបស់ខ្លួនក៏នឹងធ្វើ សកម្មភាពក្នុងស្មារតីគោរពគ្នាទៅវិញទៅមក និងរួមរស់ដោយសន្តិភាពផងដែរ៕