(Xizang)៖​ ដេីម្បីបានយល់ដឹងអំពីរបៀបរបបរស់នៅរបស់ប្រជាជន​ភូមិភាគស្វយ័ត​ Xizang ប្រទេសចិ​ន​ China Media Group បានរៀបចំឱ្យក្រុមអ្នកសារព័ត៌មានកម្ពុជា​ ចុះទៅកាន់ភូមិ​ Tunba ស្រុក Nimu ដេីម្បីទទួលពិសោធន៍អំពីរបៀបធ្វេីការងារ​ និងការដាំស្រូវ​ Qingke​ រួមទាំងបន្លែ​ ផ្លែឈេីផ្សេងទៀត។

ស្រូវ​ Qingke ត្រូវបានចាត់ទុកថាជាដំណាំដ៏សំខាន់សម្រាប់ប្រជាជននៅភូមិភាគស្វយ័ត​ Xizang និងបានក្លាយជាវត្ថុធាតុដេីមដ៏សំខាន់សម្រាប់ច្នៃជាគ្រឿងឧបភោគបរិភោគដ៏ទៃទៀត។ ក្រៅពីនេះក៏មានការចិញ្ចឹមសត្វគោរោមវែង​ សត្វមាន់​ និងការដាំផ្លែ​ Strawberry Cherry ឪឡឹក​ ត្រសក់ផ្អែម​ ក៏ដូចជាដំឡូងបារាំងផងដែរ។ នៅតាមវាលស្រែគេសង្កេតឃេីញផ្កា​ Canola ដែលត្រូវបានដាំអមជាមួយស្រូវ Qingke រីកស្គុសស្គាយបញ្ចេញពណ៌លឿងស្រស់។

នៅភូមិ​ Tunba មានការធ្វេីសិប្បកម្មបន្តវេនមួយចំនួន​ ដូចជាការផលិតក្រដាស​ដោយដៃ​ ការធ្វេីធូប​ក្រអូប​ និងឆ្លាក់ជាដេីម។ សិប្បកម្មផលិតក្រដាសដោយដៃ​ និងធូបនៅភូមិ​ Tunba ត្រូវបានចាត់ទុកជាបេតិកភណ្ឌថ្នាក់ជាតិ​ រីឯការឆ្លាក់ត្រូវបានចាត់ទុកជាបេតិភណវប្បធម៌​ថ្នាក់តំបន់។​ ក្នុងពេលចុះទៅដល​់ ក្រុមអ្នកសារព័ត៌មានកម្ពុជា​ត្រូវបានទទួលស្វាគមន៍ពីសំណាក់​ អនុរដ្ឋមន្រ្តីក្រសួងឃោសនាការក្នុងស្រុក​ និងម្ចាស់សិប្បកម្មក្រដាស​ និងឆ្លាក់​ ក៏ដូចជាសិប្បកម្មផលិតធូបពាក់កណ្តាលស្វ័យប្រវត្តិផងដែរ។​

ម្ចាស់សិប្បកម្មផលិតក្រដាសដោយដៃ​ ៣ជំនាន់ នៅឯភូមិ​ Tunba នេះ​ បានប្រាប់​ Fresh News ថាសិប្បកម្មរបស់គាត់​ប្រេីប្រាស់រុក្ខជាតិដុះក្នុងតំបន់​ មកធ្វេីជាក្រដាសសរសេរដែលអាចរក្សាទុកបានពាន់ឆ្នាំ​ មិនរលាយក្នុងទឹក​ និងអាចយកមកឆ្លាក់​ ឬច្នៃជាវត្ថុអនុស្សាវរីយ៍បាន។​ ថ្វីត្បិតតែច្នៃចេញពីសំបកឈេី​ក៏ពិតមែន​ តែក្រដាសផលិតដោយដៃនេះ​ គឺមានតម្លៃថ្លៃ​ដោយសារប្រភេទខ្លះគឺសម្រាប់យកមកសរសេរជាគម្ពីធម៌​ និងរក្សាទុកបានរាប់ជំនាន់។

ដោយឡែក​ សិប្បកម្មផលិតធូបក្រអូប​ពាក់កណ្តាលស្វ័យប្រវត្តិ​មួយ នៅភូម​ិ​ Tunba បានប្រាប់ក្រុមអ្នកសារព័ត៌មា​នកម្ពុជាឱ្យដឹងថា​ ជាប្រពៃណី​ អ្នករស់នៅ​ Xizang ចូលចិត្តប្រេីប្រាស់ធូបក្រអូប​សម្រាប់ជំនួយដល់សុខភាព។​ វត្ថុធាតុដេីមសម្រាប់ផលិតធូបក្រអូប​មានជាង​ ៣០មុខ​ ដោយយកចេញពី​ ស្មៅ​ ដេីមស្រល់​ ឬសឈេី​ មែកឈេីផ្សេងៗទៀត​ និងមានប្រយោជន៍សម្រាប់សុខភាព​។ ពួកគេជឿថាការហិតក្លិនធូបក្រអូប​ អាចជួយឱ្យអារម្មណ៍ស្ងប់​ ព្យាបាលសួត​ និងបេះដូង។ ល។ សិប្បកម្មផលិតធូបក្រអូប​ពាក់កណ្តាលស្វ័យប្រវត្តិ​នេះ​ ទទួលបានជំនួយពីទីក្រុងប៉េកាំង​ និងមានមនុស្សចំនួន ៦៦នាក់​ ធ្វេីការងារដោយដៃ​។ អ្នកធ្វេីធូប​ដាក់ធាតុផ្សំចូលទៅក្នុងស្នែងគោ​ និងច្របាច់ចេញជារូបរាង​ ហេីយខ្លះទៀតប្រេីម៉ាស៉ីន​ ដាប់ជារាងចង្កឹះ​ ឬជារាងដូចធូបមូស៕