(បាត់ដំបង)៖ ក្រុមការងារចុះមូលដ្ឋានឃុំគារ ដែលដឹកនាំដោយ លោក សេង ប៊ុនឃាង រួមជាមួយមហាឧបាសក អៀង សុធារ៉ា បានរៀបចំកម្មវិធីចែកកូនឈើជូនប្រជាពលរដ្ឋក្នុងភូមិរុណចំនួន១០០ខ្នងផ្ទះ ដោយក្នុងមួយខ្នងផ្ទះទទួលបានកូនឈើចំនួន៥ដើម ៥មុខផ្សេងៗគ្នា ក្នុងនោះរួមមានដើមអំពិល ដើមចាមរី(ច័ន្ទគិរី) ដើមបេង ដើមគ និងដើមក្ងោក។ ការចែកជូនកូនឈើនេះ ជាជំហានទី១ ដែលតាមផែនការរបស់ក្រុមការងារ ការចែកកូនឈើនេះ នឹងធ្វើឡើងបន្តបន្ទាប់ដល់ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ ដែលមានចំនួនសរុបចំនួន២៨២ខ្នងផ្ទះ។
កម្មវិធីចែកកូនឈើជូនប្រជាពលរដ្ឋក្នុងភូមិរុណនេះ បានរៀបចំឡើងនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តពោធិ៍រុណ្ណរាម ស្ថិតនៅភូមិរុណ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងឱកាសនេះ លោក សេង ប៊ុនឃាង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគារ បានលើកឡើងថា កម្មវិធីចែកកូនឈើជូនប្រជាពលរដ្ឋភូមិរុណពេលនេះ ជានិមិត្តរូបនៃការចាប់ផ្តើមអនុវត្តគម្រោងភូមិគម្រូ ដែលបង្កើតឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល។
លោកបានគូសបញ្ជាក់ថា ការជ្រើសរើសយកភូមិរុណមកអនុវត្តគម្រោងភូមិគម្រូនេះ ដោយសារកត្តាទីតាំងភូមិសាស្រ្ត និងកត្តាប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា ភូមិសាស្ត្រភូមិរុណមានអំណោយផលពីធម្មជាតិដោយមានបឹង និងអូរធម្មជាតិ ដែលអាចសម្រួលដល់ការអភិវឌ្ឍភូមិ។ លោកបានបន្ថែមថា ប្រជាពលរដ្ឋភូមិរុណ មានឆន្ទៈខ្ពស់ក្នុងការចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នេះ ដោយយល់ព្រមចូលរួមទាំងស្មារតី និងសម្ភារៈជាមួយក្រុមការងារ។ លោកប្រធានក្រុមការងារ បានអះអាងថា ប្រជាពលរដ្ឋភូមិរុណទាំងអស់ មានសេចក្តីរំភើបរីករាយជាមួយនឹងគម្រោងអភិវឌ្ឍន៍នេះ ហើយប្រជាពលរដ្ឋបានសន្យាចូលរួមអនុវត្តគ្រប់ផែនការការងារដែលដាក់ចេញដោយក្រុមការងារ។
យោងតាមប្រសាសន៍របស់មហាឧបាសក អៀង សុធារ៉ា ដែលលោកធ្លាប់ដឹកនាំអនុវត្តគម្រោងភូមិគម្រូបានជោគជ័យយ៉ាងត្រចះត្រចង់នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង គម្រោងអភិវឌ្ឍន៍ភូមិគម្រូ ជាគម្រោងអភិវឌ្ឍន៍តាមពុទ្ធោវាទ ដើម្បីកែប្រែគំនិត និងជីវភាពប្រជាពលរដ្ឋនៅក្នុងភូមិ។ មហាឧបាសកបានថ្លែងថាការចែកជូនកូនឈើជាផ្នែកមួយនៃការអភិវឌ្ឍភូមិ ដែលនឹងប្រែក្លាយភូមិរុណឲ្យក្លាយជាភូមិបៃតង ស្រមតាមពុទ្ធដីកា ដែលលើកឡើងថាអ្នកដាំទទួលបានបុណ្យកុសលទាំងយប់ទាំងថ្ងៃ។
មហាឧបាសកបានបង្ហាញថា សកម្មភាពលើកនេះ ជាជំហានដំបូងនៃផែនការរបស់ក្រុមការងារ ដែលរួមមានការចែកជូនស្លាកពាក្យស្លោកអប់រំ ធុងសម្រាម និងការស្តារ និងការគ្រប់គ្រងប្រភពទឹកនារដូវប្រាំងខាងមុខជាដើម។ មហាឧបាសកសង្កត់ធ្ងន់ថា គម្រោងនេះ ជាការសហការគ្នារវាងប្រជាពលរដ្ឋ និងក្រុមការងារ ពោលគឺក្រុមការងារជួយជាសម្ភារៈ និងថវិកា១ផ្នែក ប្រជាពលរដ្ឋជួយ១ផ្នែកតាមការស្ម័គ្រចិត្ត។
មហាឧបាសកបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈសកម្មភាពរបស់ប្រជាពលរដ្ឋដែលចូលរួមជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំបែបនេះ គម្រោងនេះនឹងទទួលបានជោគជ័យតាមផែនការ និងពេលវេលាជាប្រាកដ។
សូមបញ្ជាក់ថាភូមិរុណ ជាភូមិ១ក្នុងចំណោមភូមិទាំង១២នៃឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋសរុបប្រមាណ១២៧២នាក់ ស្មើនឹង៣០៣គ្រួសារ ដែលភាគច្រើនជាកសិករ៕