(ត្បូងឃ្មុំ-ក្រចេះ)៖ ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនមុខប្រេងកាត និងបច្ច័យ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្បរសជននានា ត្រូវបាននាំទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅចំនួន៧វត្ត ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។ ក្នុងនោះសម្រាប់វត្តនីមួយៗទទួលបានបច្ច័យចំនួន ២,៤៥០,០០០រៀល។

អំណោយនេះត្រូវបានលោកឧត្តមសេនីយ៍ឯក ស៊ិន ស៊ន តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ និងលោកស្រី ឈួន សុខលាង, លោក សារិន វណ្ណា និងលោកស្រី រួមទាំងនាយ ទាហាន នៃបញ្ជាការដ្ឋានកង ឯកភាពអង្គរក្សសម្តេចតេជោ នាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីអារាមចំនួន៧ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដែលប្រារព្វធ្វើឡើងរួមគ្នានៅទីអារាមវត្តតេជសុវណ្ណភូមិ ដែលជាទីអារាមកកើតថ្មី ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ទីអារាមទាំង៧ដែល ទទួលបានទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បច្ច័យ ភេសជ្ជៈ និងប្រេងកាត ដែលជាអំណោយដ៏សប្បុរសធម៌របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលនោះរួមមានវត្តព្រៃអង្គរក្នុង ហៅហ្លូងព្រះស្តេចកន វត្ត ព្រះពន្លៃ ព្រៃកំពែង វត្តគូសាលា ហៅវត្តខ្នារ វត្តតេជសុវណ្ណភូមិ ខេត្តត្បូងឃ្មុំ វត្តឬស្សីកែវ និងវត្តប្រម៉ា ខេត្តក្រចេះ ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សាមួយគួ បច្ច័យ២,៤៥០,០០០ម៉ឺនរៀល រួមទាំងគ្រឿងឧបភោគ បរិភោគ ប្រេងកាត និងភេសជ្ជៈជាច្រើនមុខ។

ឧត្តមសេនីយឯក ស៊ិន ស៊ន បានឱ្យដឹងថា ជារៀងរាល់ឆ្នាំសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត តែងតែចាត់តាំងឱ្យរូបលោក និងសហការីទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស នាំយកនូវទៀនព្រះវស្សា បច្ច័យរួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងកាតយកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមទាំងប្រាំពីរនេះ មិនដែលអាក់ខានម្តងណាឡើយ ដោយសាតែទីអារាមទាំងនេះ មានការលំបាកខ្វះខាត និងស្ថិតនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល។

លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេន និងជូនចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះ ជើងវត្តទាំង៧ ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផលនានាក្នុងទីអារាមនីមួយៗមានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយៗទៅមួយឆ្នាំដែលបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រវាងព្រះសង្ឃ និងគ្រហត្ថក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ។

ជាមួយនឹងមនុញ្ញផលកើតចេញពីទឹកចិត្តជ្រះថ្លានេះ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៧ បានលើកឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធទេវ តាថែរក្សាក្នុងលោក សូមតាមជួយប្រោសព្រំបីបាច់ថែរក្សាការពារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងបុត្រាបុត្រី និងចៅៗទាំងអស់របស់សម្តេចទាំងទ្វេ សូមមាន សុខភាពល្អបរិបូរ កម្លាំងពូលាំងមាំមួន អាយុយ៉ឺនយូរ មានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំស្ថាប័ន ព្រឹទ្ធសភា និងស្ថាប័នមនុស្សធម៌កាកបាទក្រហមកកម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំជានិច្ចនិរន្តតរៀងទៅ និងម៉្យាងវិញទៀតបានឧទ្ទិសជូនដល់សន្ធិវិញ្ញាណបុព្វការីជន មានមាតាបិតាញ្ញាតិការទាំងពីរសណ្តានរបស់ សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត រួមមានវិញ្ញាណក្ខន្ធមហាឧបាសិកា លីន គ្រី អ្នកឧកញ៉ាពញរឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាបិតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវមហាសទ្ធាភិរក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ប៊ុន សុថា អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ត្រូវជាមាតាបិតាបង្កើតសម្តេចតេជោ កូនប្រុស ហ៊ុន កំសត់ សូមបានយោងយិតទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតដោយប្រការណាមួយឡើយ។

នៅក្នុងពិធីតាមបែបសាសនានោះដែរ ពុទ្ធបរិស័ទទាំងអស់ អញ្ជើញសិតទៀនវស្សា និងបិទមាស ព្រះពុទ្ធរូបអង្គធំ ក្នុងទីអារាមវត្តតេជសុវណញណភូមិ តាមទំនៀមទំលាប់ប្រពៃណីសាសនា។

សូមបញ្ជាក់ដែរថា នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ឯក ស៊ិន ស៊ន និងលោកស្រី, លោក សារិន វណ្ណា និងលោកស្រី រួមទាំងសប្បរសជន និងពុទ្ធបរិស័ទទាំងអស់ បានបរិច្ចាគបច្ច័យជាង ២,២៥០ពាន់ដុល្លា និងជាង៤លានរៀល ដើម្បីកសាងព្រះវិហាថ្មី វត្តតេជសុវណ្ណភូមិ ដែលព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទើបកសាងថ្មីប្រមាណ១០ភាគរយ។

លោកឧត្តមសេនីយ៍ឯក ស៊ិន ស៊ន និងលោកស្រីនាំយកនូវអំណោយចែកជូនពុទ្ធបរិស័ទចំណុះជើងវត្តទាំង៧ ជាងចំនួន១ពាន់នាក់ម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ ឬក្រម៉ា១ អមដោយថវិកា១ម៉ឺនរៀល។ លោកឧត្តមសេនីយ៍ឯក ស៊ិន ស៊ន និងលោកស្រីក៏បានឧបត្ថម្ភថវិកាមួយចំនួនចែកជូនសិស្សានុសិស្សនិងកុមារក្រីក្រតាមបណ្តាវត្តទាំង៧នោះផងដែរ។ នៅក្នុងពិធីនោះដែរ ឧត្តមឧត្តមសេនីយ៍ និងលោកស្រី និងថ្នាក់ដឹកនាំទាំងអស់បានមូលមតិគ្នា ជាឯកច្ឆ័ន្ទបរិច្ចាគនូវថវិកាមួយចំនួនក្នុងការកសាងនូវសមិទ្ធផល សង្គមបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ក្នុងទីអារាមនៃវត្តចំនួន៦ផ្សេងទៀតនោះផងដែរ៕