(សៀមរាប)៖ ជនជាតិជប៉ុនចំនួន៤៥០នាក់ និងជនជាតិខ្មែរចំនួន៣៥០នាក់ បានរួមគ្នាដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរអ៉ីអន នាផ្នែកខាងជើងនៃបារាយណ៍ជយតដាក ក្នុងតំបន់ឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងមូលនិធិអ៉ីអន (AEON) ជប៉ុន និងអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥។
សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៉ីអន លោក ណាអូយ៉ា អូកាដា (Noya Okada) បានថ្លែងនៅក្នុងពិធីប្រារព្ធពិធីដាំដើមឈើលើកទី១ នៅក្នុងឧទ្យានធម្មជាតិអង្គរ រួមគ្នានេះថាគម្រោងដាំដើមឈើ១ម៉ឺនដើម នៅក្នុងឧទ្យានអង្គរថ្ងៃនេះ ក្នុងបំណងដើម្បីការពារក្រុងអង្គរធំ ដែលជាសម្បត្តិបេតិកភណ្ឌ ការពារបរិស្ថានជួយដល់ជីវិតសត្វ និងមនុស្សឱ្យកាន់តែប្រសើរឡើង។ ការដាំកូនឈើគឺមានសារសំខាន់ ដោយវាអាចជួយដល់ជីវៈចម្រុះធម្មជាតិ ជួយដល់បរិស្ថានឱ្យប្រជាពលរដ្ឋអាចរស់នៅមានសុខភាពល្អ ព្រមទាំងអាចធ្វើឱ្យមាននិរន្តភាពនៃប្រភពទឹកនៅក្រោមដី ដើម្បីជួយទ្រទ្រង់ដល់គ្រឹះប្រាសាទបុរាណនានា ឱ្យមានសុវត្ថិភាពផង។
លោក Noya Okada រំពឹងទុកថាការរួមគ្នាដាំដើមឈើវាងប្រជាពលរដ្ឋជប៉ុន និងខ្មែរក្នុងថ្ងៃនេះ គឺវាអាចនឹងធ្វើឱ្យធម្មជាតិសំបូរបែបនៅពេលអនាគត។ចាប់តាំងពីឆ្នាំ២០១២មក មូលនិធិអ៉ីអន បានគាំទ្រដល់ការងារលើកកម្ពស់បរិស្ថាននៅក្នុងតំបន់អង្គរ។
ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក អាត់ស៊ីស៊ិ អ៉ីណូ (Atsushi Ueno)បានថ្លែងថាជាច្រើនឆ្នាំមកនេះក្រុមហ៊ុនអ៉ីអន មិនត្រឹមតែមកវិនិយោគ ដើម្បីជួយសេដ្ឋកិច្ច ផ្ដល់ការងារលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរទេ គឺក្រុមហ៊ុននេះក៏កំពុងចូលរួមការងារសង្គមនៅក្នុងប្រទេសកម្ពុជាជាច្រើន ដូចជាកិច្ចការពារបរិស្ថាន និងកិច្ចការពារសម្បត្តិបេតិកភណ្ឌផងដែរ។ ជាក់ស្ដែងមូលនិធិអ៉ីអន បានជួយសាងសង់សារមន្ទីរព្រះនរោត្តមសីហនុ នៅក្នុងខេត្តសៀមរាប ដើម្បីដាក់វត្ថុសិល្បៈបុរាណ ដែលរកឃើញពីតំបន់អង្គរផងដែរ។
ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការល្អៗថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីក និងពង្រឹងមិត្តភាពជប៉ុន-កម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។
លោកស្រី សាន់ ណារ៉ា ឡងឌី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងលោកស្រីបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ដើមឈើគឺជាជីវិត។ បើគ្មានដើមឈើ គឺគ្មានប្រភពទឹក គ្មានជីវិតមនុស្ស សត្វ និងជីវចម្រុះ គ្មានបរិស្ថានស្រស់ស្អាត និងគ្មានអ្វីៗទាំងអស់។
លោកស្រីបានញ្ជាក់ថា នៅក្នុងតំបន់អង្គរ គឺដើមឈើមានសារសំខាន់យ៉ាងខ្លាំង។ ដើមឈើមានតួនាទី ក្នុងការទាក់ទាញទឹកភ្លៀង រក្សាបាននូវប្រភពទឹកក្រោមដី ស្រូបយកឧស្ម័នកាបូនិកបំប្លែងទៅជាឧស្ម័នអ៊ុកស៊ីហ្សែន និងផ្ដល់ជាម្លប់ដល់អ្នកទេសចរណ៍ និងសត្វផង។ បន្ថែមលើនេះដើមឈើក៏ដើរតួនាទីដ៏សំខាន់ផ្សេងទៀតក្នុងកិច្ចការពារប្រាសាទបុរាណផងដែរ។ មានន័យប្រាសាទបុរាណខ្មែរជាច្រើនបានសាងសង់លើគ្រឹះដែលជាដីខ្សាច់ ហើយត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សានិងបញ្ចូលទឹកទៅក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលនៅព័ទ្ធជុំវិញ ដើម្បីជួយចិញ្ចឹមគ្រឹះប្រាសាទ ឱ្យមានលំនឹង និងកុំឱ្យបាក់ដួលរលំ។
ដើមឈើក៏ជួយជារនាំងការពារទប់ទល់ និងការប្រែវប្រួលអាកាសធាតុ ការរីករួមពុកផុយថ្មរបស់ប្រាសាទ និងគ្រោះធម្មជាតិ ខ្យល់ព្យុះ ព្រមទាំងទឹកជំនន់ជាដើម។ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយស្ថាប័នផ្សេងៗ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដាំដើមឈើចម្រុះនៅក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង២លានដើម៕