(កំពង់ធំ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង និងភរិយា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន នៅបរិវេណវិទ្យាល័យរស្មីសោភ័ណ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅតំបន់ជនបទដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរគុណដល់ក្រុមការងារ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលយកអស់កម្លាំងកាយចិត្ត ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានធ្វើការសម្របសម្រួលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៩០នាក់ ដែលមានចម្រុះជាតិសាសន៍ មកពីប្រទេសចិន អង់គ្លេស អាមេរិក នូវែលសេឡង់ កូរ៉េ កាណាដា ហ្វីលីពីន និងប្រទេសកម្ពុជា ដើម្បីមកពិនិត្យ និងព្យាបាលជំងឺ មានជាអាទិ៍ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ការព្យាបាលដោយចលនា និងការផ្តល់ថ្នាំវីតាមីន ជូនដល់ប្រជាពលរដ្ឋប្រមាណ ៣,០០០នាក់ ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមក្នុងកម្មវិធីថ្ងៃនេះ សូមបន្តថែរក្សាសុខភាពឱ្យបានល្អថែមទៀត ដោយរក្សាឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ក្នុងរដូវវស្សា ជាពិសេសជំងឺគ្រុនឈាម ដោយបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា៕