(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់សមាជិក សមាជិកា យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សូមបន្តរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលធំៗ ថ្មីៗ ជូនខេត្តបន្ថែមទៀត ឈានទៅកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿង លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

លោក កែវ រតនៈ បានអំពាវនាវបែបនេះ នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ក្នុងសមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ឆ្នាំ២០២៥) ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា យុវជន និងសិស្សនិស្សិត ប្រមាណជិត១,៥០០នាក់។

ក្នុងឱកាសនោះ លោក កែវ រតនៈ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកដល់ពេលនេះមានអាយុកាល ៧៤ឆ្នាំហើយ ដោយបានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាពដើម កំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិ ឱ្យរួចផុតពីការឈ្លានពានការ ត្រួតត្រា ការជិះជាន់ ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជា ជាមួយនឹងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

លោកបានបន្តថា ការប្រារព្ធមិទ្ទិញអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដើម្បីគោរពដឹងគុណដល់វីរភាពរបស់វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារប្រទេស បូរណភាពទឹកដី។ គណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ សម្រាប់ការដឹកនាំគណបក្សដើម្បីធានាការ អភិវឌ្ឍន៍ សន្តិភាព ដែលជាសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវការកសាងកម្ពុជា ដែលមានសេដ្ឋកិច្ចប្រាកដប្រជា បរិយាប័ន្ន សមភាពសង្គម ប្រជាជនមានចំណេះដឹង មានជីវភាពរស់នៅសមរម្យចាកផុតពីភាពក្រីក្រ។

លោក កែវ រតនៈ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែងគោរពតាមគោលនយោបាយគណបក្ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ តាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត។

ជាការពិតណាស់ថា ខេត្តពោធិ៍សាត់បច្ចុប្បន្ន មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានធ្វើ និងជួយយើងគ្រប់ពេលវេលា។ លោកបានណែនាំ ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានទាំងអស់ ត្រូវតែរឹងមាំ មានសាមគ្គីភាព និងត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ខិតខំដោះស្រាយបញ្ហាប្រឈមនានា ជូនពួកគាត់ឱ្យទាន់ពេលវេលា ខណៈអំពើល្អរបស់មន្ត្រីគណបក្សនាពេលកន្លងមក ទទួលបានការគាំទ្រ រហូតទទួលបានលទ្ធផលល្អប្រសើរ ឈ្នះដាច់លេខ១ ពេញផ្ទៃប្រទេស។

ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានជម្រាបជូន អំពីសភាពការណ៍នៅតាមព្រំដែន កម្ពុជា-ថៃ កំពុងមានភាពតានតឹង លោកសូមស្នើដល់សមាជិក សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ បន្តភាពស្ងៀមស្ងាត់ ព្រោះថាថ្នាក់ដឹកនាំកំពុងតែធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ពិសេសចំពោះព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យមានការយល់ច្រឡំ ត្រូវតាមដានព័ត៌មាន តាមរយៈតេឡេក្រាម, ហ្វេសប៊ុក ឬប្រព័ន្ធទំនាក់ទំនង Cool App របស់សម្ដេចតេជោ, សម្ដេចធិបតី និងក្រសួងការពារជាតិ ព្រមទាំងបណ្ដាញព័ត៌មានធំៗ ក្នុងស្រុកមួយចំនួនទៀត ដើម្បីទទួលបានព័ត៌មានពិត និងច្បាស់ការ៕