(ឧត្តរមានជ័យ)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បងប្អូនជនរួមជាតិខ្មែររហូតដល់ជាង១ពាន់នាក់ រួមទាំងព្រះសង្ឃផងដែរនោះ បានអញ្ជើញ និងនិមន្តទៅទស្សនាប្រាសាទតាមាន់ធំ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បើទោះនៅទីនោះស្ថានភាពកំពុងតែប្រឈមជាមួយទាហានថៃក៏ដោយ។

ជាក់ស្តែងនៅថ្ងៃនេះ សេចក្តីរាយការណ៍ពីអាជ្ញាធរខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានព្រះសង្ឃចំនួន៥៥អង្គ និងពលរដ្ឋចំនួន១,១៧៥នាក់ (ស្រី៥៣៨នាក់) បាននិមន្ត និងអញ្ជើញទៅទស្សនាប្រាសាទតាមាន់ធំ ដោយស្មារតីការរួបរួមគ្នាបង្ហាញការគាំទ្រដល់បេតិកភណ្ឌវប្បធម៌ជាតិ និងបង្ហាញស្មារតីចូលរួមការពារទឹកដី និងប្រាសាទបុរាណរបស់ខ្មែរ។

ប្រជាពលរដ្ឋខ្មែរដែលសម្រុកមកទស្សនាប្រាសាទតាមាន់ធំនេះ គឺអញ្ជើញមកពីខេត្តសៀមរាប, បាត់ដំបង, ឧត្តរមានជ័យ, បន្ទាយមានជ័យ, កំពង់ធំ និងកំពង់ឆ្នាំង។ សកម្មភាពនេះបង្ហាញពីភាពរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរ និងស្មារតីជឿជាក់លើតម្លៃនៃបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់ជាតិ៕