(ព្រះវិហារ)៖ អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកអភិបាលស្រុកស្ទឹងត្រង់ លោក រស់ វីរ៉េត មេឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនាំអំណោយមួយចំនួន មកប្រគល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពង់ឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ប្រាសាទព្រះវិហារ។

ពិធីប្រគល់-ទទួលនាពេលនេះ ស្ថិតក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។

លោក រស់ វីរ៉េត បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកអភិបាលស្រុកស្ទឹងត្រង់ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ទាំងអស់ ជាមួយនឹងការកោតសរសើរស្ញប់ស្ញែងចំពោះវិរៈភាពកងទ័ពរបស់យើងតាមព្រំដែន ពិសេសតាមរយះឃ្លីបវីដេអូរខ្លីរបស់លោកព្រិន្ទបាលឯក អ៊ុក គា មេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចអន្តរាគមន៍លេខ៣៧១ កងពលតូចអន្តាគមន៍លេខ៧ ដែលមានការប៉ះទង្គិចពាក្យសំដីជាមួយកងទ័ពថៃ នៅទិសភ្នំខ្មោចម្សិលមុិញនេះ៕

លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងជំរាបជូនពីសភាពការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ពិសេសចំណុចឈរជើងទទួលខុសត្រូវរបស់កងពល នៅចំណុចភ្នំខ្មោច ដែលកងទ័ពថៃមានចេតនាឈ្លានពាន តែត្រូវបានរារាំងដាច់ខាតដោយកងទ័ពរបស់យើង។លោកមេបញ្ជាការក៏បានថ្លែងអំណរគុណដល់សមូរភូមិក្រោយ ក៏ដូចជាសប្បុរសជននានា និងលោកមេឃុំអារក្សត្នោត ខេត្តកំពង់ចាម ដែលបាននាំអំណោយមកប្រគល់ជូននាពេលនេះ៕