(កំពង់ធំ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងពិធីនេះ គឺជាខួបដែលគណបក្សបានបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតជូនជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធ ដើម្បីឯករាជ្យជាតិ ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការតស៊ូរំដោះជាតិ ការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ការការពារ ស្ដារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌ និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
នាឱកាសដ៏ថ្លៃថ្លានេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ឯកឧត្តមប្រធាន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ក្នុងស្រុកបារាយណ៍ លោកប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ លោកយាយ លោកតា អ៊ំ ពូមីង បងប្អូនសមាជិក សមាជិកាគណបក្ស ចំនួន ៤៨៧នាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ៕