(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិបរិស្ថានអ៊ីអន (AEON Environmental Foundation) កាលពីថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានរួមគ្នាដាំដើមឈើលើកទី១ ចំនួន១ម៉ឺនដើម ក្នុងផ្ទៃដីទំហំ៥ហិកតា លើផ្ទៃដីសរុបទំហំ១៨ហិកតា សម្រាប់រយៈពេល៥ឆ្នាំ នៃគម្រោងឧទ្យានធម្មជាតិអង្គរ-អ៊ីអន (ANGKOR - AEON NATURE PARK) ស្ថិតនៅខាងជើងបារាយណ៍ជ័យតដាក និងប្រាសាទនាគព័ន្ធ ក្នុងការរួមចំណែកថែរក្សាការពារបេតិកភណ្ឌ និងបរិស្ថាន និងផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ព្រមទាំងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា លោក អាត់ស៊ីស៊ិ អ៊ីណូ (Atsushi Ueno) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ណាអូយ៉ា អូកាដា (Naoya Okada) សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន តំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ភ្នាក់ងារពលកររបស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស ព្រមទាំងអ្នកស្ម័គ្រចិត្តខ្មែរ-ជប៉ុន សរុបចំនួនជាង ៨០០នាក់។
សូមបញ្ជាក់ជូនថា ក្រៅពីការងារអភិរក្ស ជួសជុលប្រាសាទបុរាណ ចាប់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានបណ្តុះដាំកូនឈើចម្រុះក្នុងឧទ្យានអង្គរ និងចែកចាយជូនសាធារណជនដោយឥតគិតថ្លៃ បានជិត៣លានដើម។ ដោយឡែកក្នុងឆ្នាំ២០២៤ កន្លងទៅនេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយដៃគូឯកជន និងស្ថាប័នរដ្ឋនានា ដាំកូនឈើចម្រុះក្នុងរមណីយដ្ឋានអង្គរ បានចំនួនជិត៧ម៉ឺនដើម៕