(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា ការលះបង់ទាំងកម្លាំងកាយចិត្ត របស់បងប្អូនប្រជាការពារ គឺបានដើរតួយ៉ាងសំខាន់ក្នុងការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទប់ស្កាត់បទល្មើស និងផ្តល់ព័ត៌មាន ព្រមទាំងជួយដល់កិច្ចការងារសន្តិសុខ មនុស្សធម៌ និងរដ្ឋបាលផ្សេងៗទៀតផងដែរ។

លើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានធ្វើឡើងនៅក្នុងកម្មពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋានសម្ភារៈជូនប្រជាការពារភូមិទាំង១៥ ចំនួន ៣៩២នាក់ ចំណុះសង្កាត់ទាំង៤ ក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា៖ «មានតួនាទីសំខាន់ក្នុងការចូលរួមជួយមន្ត្រីនគរបាលទៅវិញទៅមក យើងកុំគិតថា យើងមិនមែនជាមន្ត្រីក្របខណ្ឌ កុំគិតថាយើងជាមន្ត្រីនគរបាល កុំគិតថា យើងជាមន្ត្រីយុត្តិធម៌ដូចកងរាជអាវុធហត្ថ ព្រោះយើងជាអ្នកស្រឡាញ់ខេត្តព្រះសីហនុ។ ដូច្នេះ យើងត្រូវចូលរួមជាមួយគ្នា ព្រោះប្រជាការពារបានធ្វើការងារយ៉ាងច្រើននៅក្នុងមូលដ្ឋានគ្រប់បែបយ៉ាងក្នុងការចូលរួមការងារអនាម័យបរិស្ថាន និងសូមថ្លែងអគុណគុណដល់ប្រជាការពាររបស់យើង និងសូមបន្តការងារដ៏ឧត្តុងឧត្តមរបស់បងប្អូនបន្ថែមទៀត»

ឧនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការប្រគល់ឯកសណ្ឋាននាពេលនេះ គឺជាកិត្តិយស និងជានិមិត្តរូបនៃការទទួលស្គាល់ប្រជាការពាររបស់អ្នកកំពង់សោម យើងអាចបង្កើតវប្បធម៌បំពេញការងារជាមួយគ្នា ដោយសារលោកស្នង ការខេត្តព្រះសីហនុ បានជួយឧបត្ថម្ភនូវឯកសណ្ឋានមានសម្លៀកបំពាក់ ស្បែកជើង ដែលជាឯកសណ្ឋានច្បាស់លាស់ យើងត្រូវចូលរួមជ្រោមជ្រែងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងការកសាងខេត្តព្រះសីហនុជាភូមិដ្ឋានក្សេមក្សាន្ត២៤ម៉ោង លើ២៤ម៉ោង កុំឱ្យភ្ញៀវមកលេងហើយមានការព្រួយបារម្មណ៍ ព្រោះទីក្រុងមួយនេះ ជាទីក្រុងអន្តរជាតិ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកថវិការបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភជូនប្រជាការពារទាំង ៣៩២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ៥ពាន់ដុល្លាអាមេរិកថែមផងដែរ៕