(ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចវឌ្ឍនភាព សាងសង់បាន ៩៦ភាគរយហើយ នឹងត្រៀមបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ)ដើម្បីជាការសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុននេះ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំក្រុមការងារចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ខេត្តក្រចេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមទាំងមានការចូលរួមតំណាងក្រុមហ៊ុនសាងសង់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនទៀត។
នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំលឹកអំពីគុណូបការគុណរបស់នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញ ពាសពេញផ្ទៃប្រទេស និងផ្ដល់ឱកាសឱ្យប្រទេសជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាច្រើន។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ដោយមានក្រសួងសាធារណការ ជាសេនាធិការ គម្រោងស្ថាបនាស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងកំណត់ផ្លូវតភ្ជាប់ បានអនុវត្តទៅដោយរលូន ពោលគឺលឿនជាងផែនការដែលបានគ្រោងទុក។ លោកក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបន្តយកចិត្តទុកដាក់គ្រប់គ្រងការអនុវត្តគម្រោងមួយនេះ ដើម្បីឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងកំណាត់ផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។
គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ក៏ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ អ្នកបើកបរ ក៏ដូចជាអ្នកដឹកជញ្ជូន បន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរហួសល្បឿនកំណត់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ មានការចូលរួមពីប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ-ស្ពាន និងអ្នកធ្វើដំណើរទាំងអស់គ្នា ទើបប្រទេសជាតិយើងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាបាននូវគុណភាពផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ស្ពាននេះមានប្រវែង ១,៧៦១ម៉ែត្រ, ស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះស្ថាបនាឡើងមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។
គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC)។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាងសង់តួស្ពានសម្រេចវឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួមជាមួយនិងកំណាត់ផ្លូវតភ្ជាប់ផងនោះសម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅតាមផែនការដែលបានគ្រោងទុក ឬបញ្ចប់មុនផែនការបើគិតតាមសន្ទុះការងារជាក់ស្តែងនាពេលបច្ចុប្បន្ន៕