(ភ្នំពេញ)៖ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូក្រាម នាំចូលដោយគ្មានលិខិតអនុញ្ញាតពីប្រទេសវៀតណាម។
សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្តចេញពីវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា។
បច្ចុប្បន្នក្រុមការងារជំនាញ បានយកវត្ថុតាង និងបទល្មើស ខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋដែលស្អប់ខ្ពើមទង្វើអាក្រក់របស់មន្ត្រីកប់ចោលមនសិការប្រព្រឹត្តអំពើពុករលួយឱ្យសាច់សត្វខុសច្បាប់ចូលកម្ពុជានេះ ទទូចដល់រាជរដ្ឋាភិបាលបើកការស្រាវជ្រាវរកឃើញមន្ត្រីដែលខិលខូចនេះ៕