(ស្រះកែវ-ថៃ)៖ ក្រុមអាជីវករថៃលក់ដូរនៅផ្សាររុងក្លឿ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើបាតុកម្មស្រែកតវ៉ាជាមួយយោធារបស់ខ្លួន ដែលបិទព្រំដែនជាមួយប្រទេសកម្ពុជា នាំឲ្យពួកគាត់លំបាកក្នុងការលក់ដូរ និងខាតបង់ថវិកាអស់យ៉ាងច្រើនក្នុងរយៈពេលកន្លងមកនេះ។

សម្រែកនៃការតវ៉ារបស់ក្រុមអាជីវករថៃ បានស្ដីបន្ទោសខ្លាំងទៅលើក្រុមយោធា ពិសេសយោធានៅភូមិភាគ២របស់ខ្លួន និងស្រែកថា ការបិទព្រំដែននេះមិនពាក់ព័ន្ធជាមួយជាតិសាសន៍ដទៃនោះទេ ដែលពួកគេចង់សម្ដៅមកលើកម្ពុជា។

ក្រុមអាជីវករថៃ បានអះអាងថា ការបិទព្រំដែនតាមទំនើងចិត្តនេះ គឺដោយក្រុមយោធានៅភូមិភាគ២តែម្ដង មិនជាប់ពាក់ព័ន្ធជាមួយកម្ពុជានោះឡើយ។

សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមអាជីវករថៃ នៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បាននាំគ្នាតវ៉ាទាមទារឲ្យយោធាបើកព្រំដែនឡើងវិញ ព្រោះការបិទព្រំដែនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការលក់ដូរ និងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

ផ្សាររុងក្លឿ ជាផ្សារមួយដែលពលរដ្ឋ និងអាជីវករខ្មែរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែងចេញចូលទៅលក់ដូរ និងទិញទំនិញ។ របាយការណ៍បង្ហាញថា នៅផ្សារនេះ មានតូបខ្មែររង្វង់ ៣៥០០តូប។

បញ្ហាបិទព្រំដែននេះ គឺក្រុមយោធាថៃ បានសម្រេចចិត្តដោយឯកតោភាគី ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ បន្ទាប់ពីក្រុមទាហានឈ្លានពានរបស់ថៃ បានបាញ់សម្លាប់ទាហានខ្មែរម្នាក់ នៅតំបន់មុំបី ដែលធ្វើឲ្យស្ថានភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃ តានតឹងដាក់គ្នា។

ក្រោយការសម្រេចចិត្តដោយឯកតោភាគី និងអត់ទ្រាំជាមួយការប្រមាថ គំរាមកំហែងម្ដងហើយម្ដងទៀតមិនចេះចប់ពីសំណាក់យោធាថៃ កម្ពុជាបានធ្វើការឆ្លើយដោយវិធានការបិទខ្ទប់ព្រំដែនទាំងស្រុងជាមួយប្រទេសថៃ និងបិទការនាំទំនិញថៃចូលកម្ពុជា បូករួមជាមួយការបញ្ឈប់ទិញប្រេង ឧស្ម័ន អគ្គិសនី និងប្រព័ន្ធអ៉ីនធ័រណេតនៅតំបន់ជាប់ព្រំដែនថៃ។

វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អះអាងថា ប្រសិនបើភាគីថៃ បើកព្រំដែនឲ្យដំណើរប្រក្រតីភាពវិញ ដូចមុនថ្ងៃទី៧ ខែមិថុនានោះ យ៉ាងយូរត្រឹមរយៈពេល៥ម៉ោងក្រោយ កម្ពុជានឹងបើកព្រំដែនវិញទាំងអស់៕