(តាកែវ)៖ ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ត្រូវបានបង្កើតឡើងក្នុងគោលដំណងផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ, ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ។

ឧទ្យាននេះ មានផ្ទៃដីទំហំសរុប ២,០២៥ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ។ ឧទ្យាននេះផងដែរ ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១,០២១ហិកតា។ គួរជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏មានភារកិច្ចគ្រប់គ្រងតំបន់ឧទ្យានសួនសត្វ «ភ្នំតាម៉ៅ» ហើយត្រូវរៀបចំផែនការ គ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពផងដែរ។

បច្ចុប្បន្ននេះ មានសត្វប្រមាណជាង២ពាន់ក្បាកល បែងចែកជា១១៨ប្រភេទ អ្វីដែលពិសេសនៅទីនោះក៏មានប្រភេទសត្វខ្លាឃ្មុំព្រៃ តូច ធំ កំពុងជ្រកកោន សង្គ្រោះ និងការពារ នៅសួនសត្វភ្នំតាម៉ៅ។

បើតាម លោក វ៉ាន់នី បុគ្គលិកអង្គការមូលនិធិខ្លាឃ្មុំ ឬហៅថា Free The Bears បានឱ្យដឹងថាខ្មាឃ្មុំចំនួន ១១៩ក្បាល កំពុងស្ថិតក្រោមការថែមទាំរបស់អង្គការ ដែលត្រូវបានសង្គ្រោះពីបទល្មើសនានា និងការចិញ្ចឹមដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។

ចំពោះចំណីជាប្រចាំថ្ងៃរបស់សត្វខ្មាឃ្មុំ មានជាប្រភេទចំណីបេ ផ្លែឈើ ហើយអ្វីដែលសត្វខ្លាឃ្មុំចូលចិត្តខ្លាំងនោះគឺ ទឹកឃ្មុំ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាន់នី បុគ្គលិករបស់អង្គការ Free The Bears។

សម្រាប់លោក វ៉ាន់នី ការថែទាំសត្វខ្លាឃ្មុំលំបាកនៅពេលដែលពួកវាឈឺ ព្រោះយើងមិនអាចចូលទៅជិតវាបាននោះទេ អាចនឹងបង្កគ្រោះថ្នាក់បាន។

ជាមួយគ្នានេះ លោក ក៏បានបញ្ជាក់ផងដែរថាសម្រាប់អង្គការ Free The Bears គឺមិនអនុញ្ញាតឱ្យបុគ្គលិកថតផ្សព្វផ្សាយសត្វជាលក្ខណៈឯកជននោះទេ ប៉ុន្តែសម្រាប់អង្គការផ្ទាល់អាចផ្សព្វផ្សាយបាននៅលើគណនីរបស់អង្គការផ្ទាល់។

សម្រាប់សប្បុរសជន ដែលមានបំណងចង់បរិច្ចាគឬឧបត្ថម្ភចំណីដល់សត្វខ្លាឃ្មុំ អង្គការមិនបដិសេធនោះទេ ថែមទាំងរីករាយ និងថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ចូលចិត្តសត្វព្រៃរបស់បងប្អូនប្រជាពលរដ្ឋថែមទៀត។

ជាថ្មីម្ដងទៀត លោក បានអំពាវនាវដល់ប្រជាពលរដ្ឋពីទីជិតនិងទីឆ្ងាយ អញ្ជើញមកទស្សនាសត្វព្រៃជាច្រើនប្រភេទនៅសួនសត្វភ្នំតាម៉ៅ ដែលក្លាយជាចំណែកមួយជួយលើកទឹកចិត្តដល់អ្នកអភិរក្សឱ្យមានកម្លាំងចិត្ត បន្តកិច្ចការងារថែរក្សាសត្វព្រៃនេះបន្តទៅមុខ។ ជាពិសេស តាមរយៈការមកលេងកម្សាន្តរបស់ប្រជាពលរដ្ឋ ក៏ជាផ្នែកមួយជួយដលើជីវភាពរបស់បងប្អូនអាជីវករនៅទីនោះផងដែរ៕