(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើពិធីបើកដំណើរការគម្រោងស្តីពី៖ «ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ពិធីនេះ នឹងធ្វើឡើងចាប់ពីម៉ោង៨៖៣០នាទីព្រឹក ក្រោមអធិបតីភាពលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគម្រោងការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី។ ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនចំនួន៥រូបទៀត ដែលសុទ្ធសឹងតែជាអ្នកជំនាញប្រវត្តិសាស្រ្ត និងសិលាចារឹកភាសាសំស្ត្រឹត។
ពិធីបើកដំណើរការគម្រោងស្តីពី៖ «ការស្រាវជ្រាវ និងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹត និងភាសាបាលី» នឹងធ្វើឡើងលើប្រធានបទចំនួន៥ ដែលនៅក្នុងនោះមានដូចជា៖
ប្រធានបទទី១ នៃកម្មវិធី និយាយពី ទិដ្ឋភាពទូទៅនៃសិលាចារឹកភាសាសំស្ត្រឹត និងនីតិវិធី ការងារ ដោយលោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ និងជាសមាជិកគម្រោង។ ប្រធានបទទី២ អត្ថបទ និងអត្ថរសរបស់កំណាព្យសំស្ក្រឹតនៅលើសិលាចារឹក ដោយលោក កំ វណ្ណារា សមាជិកគម្រោង។ ប្រធានបទទី៣ ឥទ្ធិពលភាសាសំស្ក្រឹតលើសង្គមខ្មែរ ដោយបណ្ឌិត លន់ ឡាយ សមាជិកគម្រោង។ ប្រធានបទទី៤ ភាពសម្បូរបែបនៃពាក្យពេចន៍អប់រំក្នុងភាសាសំស្ក្រឹត ដោយលោក ជួនចេវ សមាជិកគម្រោង និងប្រធានបទទី៥ សារៈសំខាន់នៃការធ្វើសំណៅផ្តិតសិលាចារឹក ដោយលោក រិន ពេជ្ជរជ្ឋ សមាជិកគម្រោង។
សម្រាប់សាធារណជន និងអ្នកសិក្សាស្រាវជ្រាវដែលមានបំណងចូលរួមកម្មវិធីនេះ សូមទាក់ទងមកលេខទូរសព្ទ ០១២ ៥៨០ ៣១០៕