(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចំអកឱ្យវិទ្យាស្ថានថៃមួយ ដែលស្ទង់មតិប្រជាជនជនថៃមិនពេញចិត្ត និងជឿជាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

លោក ជា ធីរិទ្ធ បានថ្លែងថា វាជារឿងធម្មតាទេ ដែលសត្រូវមិនពេញចិត្តមកលើថ្នាក់ដឹកនាំរបស់កម្ពុជា ដូច្នេះ វាគ្មានអ្វីដែលចំលែក ឬព្រួយបារម្ភ ឈឺក្បាលនឹងប្រជាជនថៃ មិនពេញចិត្តមកលើសម្តេចតេជោ ហ៊ុន សែន នោះទេ។

លោកបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់យុទ្ធសាស្ត្រដើរមួយជំហ៊ានៗប្រកដោយយុទ្ធសាស្ត្រ ត្រង់ចំណុនេះក្នុងនាមជាមដឹកនាំ អ្នកនយោបាយកំពូលរបស់កម្ពុជា ជាប្រធានគណបក្សកាន់អំណាចនៅកម្ពុជា និងជាមេដឹកនាំដែលបានលះបង់សឹងមួយជីវិតដើម្បីមាតុភូមិកម្ពុជា និងរំដោះជីវិតប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន លោកបានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយសត្រូវដែលចេតនាទុច្ចរិតបំផ្លាញ និងមានបំណងរំលោភបំពានមកលើទឹករបស់កម្ពុជា។

លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ចំពោះការស្ទង់មតិពីសំណាក់វិទ្យាស្ថានមួយរបស់ថៃ លើមតិប្រជាពលរដ្ឋថៃ ថាមិនគាំទ្រសម្តេចតេជោ ហ៊ុន សែន គឺជាល្បែងកូនក្មេង ឬប្រហែលជាអ្នកនយោបាយថៃ រកលេសវាយប្រហារសម្តេចតេជោ ហ៊ុន សែន លែងបានទើបបានប្រើល្បែងកូនក្មេងយកប្រជាជនខ្លួនមកស្ទង់មតិដើម្បីវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន ទៅវិញ។

លោក ជា ធីរិទ្ធ បានចំអកយ៉ាងដូច្នេះថា៖ «ជារឿងមួយគួរឱ្យអស់សំណើច ជារឿងគួរឱ្យអាម៉ាស់ ទៅវិញទេសម្រាប់ប្រជាជនថៃ ដែលបានស្ទង់មតិមកលើសម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ ខ្ញុំសូមបញ្ជាក់ទៅវិញថា ប្រជាជនកម្ពុជា ឈរនៅជាមួយនឹងមេដឹកនាំរបស់យើងនៅគ្រប់កាលៈទេសៈ ឈរជាមួយសម្តេចតេជោ ប្រធានគណបក្សកាន់អំណាច ប្រធានព្រឹទ្ធសភា ឈរជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»

លោក ជា ធិរិទ្ធ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ត្រូវប្រជាជនខ្មែរ ទូទាំងប្រទេសគាំទ្រ ស្រឡាញ់ ទុកចិត្ត ជាពិសេសតាមការស្ទង់មតិប្រជាជន ជាង ៩៣ភាគរយ បានគាំទ្រនូវចំណាត់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយចំណាត់ការព្រំដែនរវាងកម្ពុជា និងថៃ៕