(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាវឿន សុកុល អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អញ្ជើញបើក «វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៦-២០២៨ ការរៀបចំ គម្រោងថវិកា ឆ្នាំ២០២៦ និងការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោក កើត ឆែ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឋានៈជាអង្គភាពថវិកា បាននឹងកំពុងអនុវត្តនូវ «ថវិកាកម្មវិធី» ដែលត្រូវបានរៀបចំឡើងដោយផ្អែកលើកម្មវិធីច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលមានចែងនៅក្នុងវិស័យនីមួយៗ។ ថវិកាកម្មវិធីគឺត្រូវផ្សារភ្ជាប់ទៅនឹងលទ្ធផល ឬសមិទ្ធកម្ម (ផលដែលសម្រេចបាន) ឬនិយាយម៉្យាងទៀត «ចាយ ឱ្យចំគោលដៅ, ចាយឱ្យទទួលបានលទ្ធផល»។

លោក កើត ឆែ បានបន្តថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពចំណេះដឹងពាក់ព័ន្ធ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅពង្រឹងសមត្ថភាពដល់មន្ត្រីទទួល បន្ទុកការងារហិរញ្ញវត្ថុ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពាក់ព័ន្ធនឹងនីតិវិធីហិរញ្ញវត្ថុ។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាទៀងទាត់ នៅក្នុងដំណើរការនៃការរៀបចំផែនការថវិកា សម្រាប់ឆ្នាំបន្ទាប់ N+1 ស្របតាមអភិក្រម ដូចមានកំណត់ក្នុងសារាចរណែនាំលេខ០១១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្ត ឆ្នាំ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦។

លោក កើត ឆែ បានលើកឡើងថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយដ៏សំខាន់ នៃការ អនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកា ឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និង ដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុកជាដំណាក់កាលៗ នៃសសរស្តម្ភកំណែទម្រង់នោះគឺ «ភាពជឿទុកចិត្ត នៃថវិកា», «គណនេយ្យភាពហិរញ្ញវត្ថុ», «ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ» និង «ថវិកាសមិទ្ធកម្ម»។ សម្រាប់ការរៀបចំគម្រោងថវិកាឆ្នាំ២០២៦, រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំផែនការចំណូល-ចំណាយ និងកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានីភ្នំពេញ (២០២៦-២០២៨) នាពេលកន្លងមក ហើយនឹងធ្វើការពិនិត្យលម្អិតចុងក្រោយ មុននឹងដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញ នា ពេលខាងមុខនេះ ឱ្យស្របតាមនីតិវិធី ផងដែរ។

ការរៀបចំផែនការគម្រោងចំណាយរបស់រដ្ឋបាលខណ្ឌ-សង្កាត់នេះ, លោកស្នើឱ្យរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំងអស់ ត្រូវធ្វើការប្រជុំពិនិត្យមើលលើគម្រោងអាទិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានម៉ត់ចត់ ដូចជាគម្រោងអភិវឌ្ឍនៅតាមបណ្តាខណ្ឌ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ គម្រោងអភិវឌ្ឍនៅតាមបណ្តាខណ្ឌជាយរាជធានីភ្នំពេញ ដោយត្រូវគិតគូរបញ្ចូលនូវសំណើ-សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ។ លើសពីនេះ រដ្ឋបាលខណ្ឌ-សង្កាត់ ក៏ត្រូវយកចិត្តទុកដាក់លើមុខសញ្ញា ចំណាយថវិកាសេវាសង្គម និងអនាម័យ បរិស្ថានផងដែរ៕