(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមអបអរសាទរ «ទិវាមច្ឆជាតិ» លែងកូនត្រីពូជ ១ កក្កដា ឆ្នាំ២០២៥ នៅបឹងស្នេហ៍ទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះលោក សួន សុម៉ាលីន បានថ្លែងថា ត្រីគឺជាប្រភពអាហារដ៏ចម្បងជាលក្ខណៈប្រពៃណីតាំងពីដូនតា នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារធនធានជលផល ឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ ក្រោយៗទៀត។

ជាមួយគ្នានេះតម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងចលនាលុបបំបាត់បទ ល្មើសនេសាទ ថែរក្សា អភិរក្ស និងលែងត្រីមេពូជ និងប្រភេទវារីសត្វកំពុងរងគ្រោះថ្នាក់ទៅក្នុងធម្មជាតិវិញ ដែល សុទ្ធតែជាសកម្មភាពមានតម្លៃធំធេងគួរឱ្យកោតសរសើរបំផុត។

អភិបាលខេត្ត បន្ថែមទៀតថា វិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។

ជាក់ស្តែងតាមរយៈការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព វិស័យកសិកម្មនៅខេត្តព្រៃវែង បន្តរក្សាបាននូវភាពរឹងមាំ មានភាពធន់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយ ផលប៉ះពាល់ ជាអវិជ្ជមានលើសេដ្ឋកិច្ច ជាពិសេសធានាបាន នូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ កង្វះអាហារូបត្ថម្ភ និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃ ស្បៀងក្នុងខេត្ត ទោះបីក្នុងស្ថានភាពដែលពិភពលោក ជួបប្រទះនូវវិបត្តិសកលជាបន្តបន្ទាប់ក្តី។

អភិបាលខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដ៏ល្អប្រសើរ ដែលសម្រេចបាននាពេលកន្លងមក ក្នុងវិស័យកសិកម្មទាំងមូល ជាពិសេសអនុវិស័យជលផល ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវការចូលរួមយ៉ាងសំខាន់ក្នុងសន្តិសុខស្បៀង រួមទាំងការអភិរក្សប្រភេទ ធនធានជលផល កំពុងរងគ្រោះ និងបានឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ព្រមទាំងកិច្ចសហការជិត ស្និទ្ធរបស់អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត។

អភិបាលខេត្ត ណែនាំ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក ជាពិសេសការអភិរក្សត្រី មេពូជ ទន្លេមេគង្គនិងវារីសត្វកំពុងរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្ត លែងកូនត្រី ត្រីមេពូជ និងវារីសត្វឱ្យ កាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវដឹកនាំ និងជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ តំបន់គ្រប់គ្រង ជលផល កន្លែងអភិរក្សជលផល ដីព្រៃលិចទឹក ដើម្បីទប់ស្កាត់ចលនាទន្ទ្រាន កាន់កាប់ដីរដ្ឋ ជាពិសេស នៅតំបន់ជុំវិញបឹងស្នេហ៍ និងកន្លែងដទៃទៀត ដែលជាកន្លែងជម្រកត្រីពងកូន លូតលាស់ ធំធាត់ និង ស្វែងរកចំណី។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា សហគមន៍នេសាទបឹងស្នេហ៍ នេះមានទំហំ និងជម្រៅសមស្របដែលអាចរក្សាទឹកនៅរដូវប្រាំង មានតួនាទីផ្តល់ជាប្រភពទឹក ដ៏សំខាន់សម្រាប់ការធ្វើកសិកម្ម រក្សាទុកនូវត្រីមេពូជសម្រាប់បន្តពូជ និងផ្តល់នូវប្រភពស្បៀងអាហារជាមូលដ្ឋាន សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ជាពិសេស សហគមន៍នេសាទទាំង៤ និងប្រជាពលរដ្ឋនៃស្រុកបាភ្នំ ស្វាយអន្ទរ ក្រុងព្រៃវែង និងស្រុកពាមរក៍ រាប់ម៉ឺននាក់ផ្សេងទៀតដែលពឹងពាក់លើផលនេសាទសម្រាប់ជាអាហារមូលដ្ឋានប្រចាំថ្ងៃ។ បឹងនេះមានផ្ទៃទំហំ ២ ២២៧ ហិតា នៅរដូវប្រាំង និងពង្រីកដល់ជាង ៣ ៥៥៧ ហិតា នៅរដូវវស្សា ដោយទទួលរបបទឹកពីទន្លេតូច តាមព្រែករាំង ព្រែកមេបុណ្យ ប្រឡាយនាំទឹកបារាយណ៍ និងប្រព័ន្ធទន្លេវ៉ៃកូ៕