(ភ្នំពេញ)៖ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការក្រើនរំលឹកពីនីតិវិធីនៃការបង់ថ្លៃសំរាម នៅរាជធានីភ្នំពេញ។​ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ និងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) បានចេញសេចក្តីជូនដំណឹង រៀបចំសិក្ខាសាលា ធ្វើការផ្សព្វផ្សាយដល់ថ្នាក់ខណ្ឌទាំង១៤ ថ្នាក់សង្កាត់ និងតាមភូមិ ព្រមទាំងបានបង្កើត វីដេអូឃ្លីបអប់រំខ្លីៗស្តីពីនីតិវិធីនៃការបង់ថ្លៃសំរាម នៅតាមបណ្តាញសារព័ត៌មាន បណ្តាញសង្គមហ្វេសប៊ុកផេករបស់ «រដ្ឋបាលរាជធានីភ្នំពេញ» បណ្តាញសង្គមរបស់ «សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.)» បណ្តាញ TikTok ផ្ទាំងផ្សព្វផ្សាយ LED រថយន្តក្រុង រឺម៉កកង់បី សៀវភៅផ្នត់ និងស្បោងសំរាម ដើម្បីបញ្ជាបការយល់ដឹង ជូនដល់ប្រជាពលរដ្ឋអំពីខ្លឹមសារខាងលើ។

ក៏ប៉ុន្តែទោះបីជាមានការផ្សព្វផ្សាយជាច្រើនលើករួចមកហើយក្តី ក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់ បានជ្រួតជ្រាបពីនីតិវិធីនៃការបង់ថ្លៃសំរាម និងបញ្ហាផ្សេងៗ មួយចំនួនទៀតនៅឡើយ។ ដូចនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែ ជ្រាបច្បាស់បន្ថែមទៀត សហគ្រាស ស.ស.ភ. សូមជម្រាបជូនដំណឹងជាថ្មី ពីនីតិវិធីនៃការបង់ថ្លៃសំរាម ដូចខាងក្រោម៖

សូមអតិថិជនប្រើប្រាស់ App ធនាគារ មានដូចជា៖ ABA, អេស៊ីលីដា, WING, កាណាឌីយ៉ា.....-ល-។ រួចជ្រើសយក កន្លែងបង់ថ្លៃទឹក សំរាមភ្លើងបន្ទាប់មកយកត្រង់ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.)/Enterprise for Managing Municipal Solid Waste in Phnom Penh (EWP) រួចបញ្ចូលលេខសម្គាល់អតិថិជន (ID) ដែលមានក្នុងវិក្កយបត្រអគ្គិសនី នោះទឹកប្រាក់ដែលត្រូវបង់នឹងបង្ហាញឡើង ហើយចុចយក យល់ព្រម/OK ជាការស្រេច ឬអាចបង់តាមបញ្ជារបង់ប្រាក់៖ អេស៊ីលីដា, ABA, WING, កាណាឌីយ៉ា ។ល។ ឬ តាមភ្នាក់ងារទូទាត់ផ្សេងៗ ដូចជា WING, EMONEY, TrueMONEY, លីហួរវេរលុយ។

អតិថិជនអាចបង់ប្រាក់ប្រចាំខែ ចាប់ពីថ្ងៃទី១៦ នៃខែនីមួយៗ រហូតដល់ថ្ងៃទី១៥ នៃខែបន្ទាប់ ឬ អាចបង់ប្រាក់ ទុកមុនរហូតដល់រយៈពេល ១ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក សហគ្រាស ស.ស.ក. ដែលមានអាសយដ្ឋានស្ថិតនៅតំបន់ អភិវឌ្ឍន៍អូស៊ីអាយស៊ី វិថីបឹងទទឹងថ្ងៃ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុក “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.)” ឬ តាមលេខទូរស័ព្ទ ០៨១ ៦៤៦ ២២២/០១១ ៦៤៦ ២២២ រៀងរាល់ម៉ោងធ្វើការ៕