(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី១០ ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលដោយអភិបាលរងខេត្ត កងម្លាំងទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត អភិបាល ក្រុង-ស្រុកទាំង១៤ តំណាងអង្គការ សមាគមចំនួន២៥៤រូប។

វេទិកានេះធ្វើឡើង ក្នុងគោលបំណងពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្តបាត់ដំបង និងបណ្តាអង្គការ សមាគម សហគមន៍ ក្នុងការរួមចំណែកជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា អង្គការសង្គមស៊ីវិល ដែលបាននិងកំពុងអនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងខេត្តបាត់ដំបង សរុបចំនួន១៤៥ អង្គការសមាគម, អង្គការមិនមែនរដ្ឋាភិបាល ចំនួន៩៣អង្គការ, អង្គការអន្តរជាតិចំនួន២៧អង្គការ និងសមាគមមានចំនួន២៥សមាគម ក្នុងចំណោមទិន្នន័យដែលក្រសួងមហាផ្ទៃ ផ្តល់ជូនដើម្បីឲ្យរដ្ឋបាលក្រុង ស្រុកចុះជំរឿនសរុបចំនួន ២៨៧អង្គការសមាគម។

ក្នុងនោះក៏មានអង្គការសមាគមមួយចំនួន បានបិទលែងដំណើរការ និងទិន្នន័យដែលក្រុមការងាររដ្ឋបាលខេត្តចុះស្រង់បានសរុបចំនួន៩៣អង្គការសមាគម បាននិងកំពុងប្រតិបត្តិការសកម្មភាពលើវិស័យសំខាន់ៗ ដូចជា វិស័យបរិស្ថាន ធនធានធម្មជាតិ, កសិកម្ម សន្តិសុខស្បៀង, សុខាភិបាល, អប់រំ វប្បធម៌, សង្គមកិច្ច ចិត្តសាស្ត្រ, កសិឧស្សាហកម្ម, វិជ្ជាជីវៈ, សេដ្ឋកិច្ចសង្គមកិច្ច, អភិបាលកិច្ច, សិទ្ធិមនុស្ស និងសាសនា ជាដើម។

លោក សុខ លូ បានបន្ថែមថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ជាទៀងទាត់ដើម្បីចង់ដឹងពីមតិយោបល់របស់អង្គការសង្គមស៊ីវិល សមាគម ដើម្បីការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា។

លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រត្តិបត្តិការរវាងរដ្ឋបាលខេត្ត ក្រុង ស្រុក ជាមួយអង្គការ សមាគម ក្នុងការធ្វើការងារសង្គមគ្រប់ផ្នែកទាំងអស់បានល្អប្រសើរ។ លោកបានបន្តថា កន្លងមករដ្ឋបាលខេត្តតែងតែមានកិច្ចសហការល្អ ជាមួយអង្គការ សមាគម សហគមន៍នៅតាមមូលដ្ឋាន ចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងស្នើអង្គការ សមាគម សហគមន៍ ពង្រឹងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលតាមលំដាប់ថ្នាក់ រាល់ការធ្វើគម្រោងនីមួយៗ ត្រូវសហការគាំទ្រគ្នាចៀសវាងមានបញ្ហា។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង តែងតែបានបង្កលក្ខណៈងាយស្រួលផ្តល់កិច្ចសហការល្អ និងសម្របសម្រួលឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីស្របតាមច្បាប់ មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពរបស់ខ្លួន នៅតាមបណ្តាមូលដ្ឋានក្នុងខេត្តបាត់ដំបង អនុលោមតាមច្បាប់ស្ដីពី សមាគម និងអង្គ ការមិនមែនរដ្ឋាភិបាល ព្រមទាំងគោលការណ៍ណែនាំនានា របស់ក្រសួងមហាផ្ទៃ តាមរយៈការជូនដំណឹងដល់រដ្ឋ បាលក្រុង/ស្រុក ឃុំ/សង្កាត់ ព្រមទាំងមន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមបង្កលក្ខណៈងាយស្រួល ផ្តល់កិច្ចសហការ និងសម្របសម្រួលស្របតាមគោលការណ៍ច្បាប់។

តាមរយៈវេទិកានេះ រដ្ឋបាលខេត្តបាត់ដំបងសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ដែលបាននិងកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង ត្រូវបានពង្រឹងលើកកម្ពស់បន្ថែមតាមរយៈ ការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា។ រដ្ឋបាលខេត្តសង្ឃឹមថា សមាគម សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់នៅក្នុងខេត្តបាត់ដំបង នៅតែរក្សាបាននូវកិច្ចទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា ក្នុងការបន្តអនុវត្ត សកម្មភាពរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៕