(កំពង់ឆ្នាំង)៖ គណៈកម្មការគ្រប់គ្រងសាលា នាយិកាសាលាមត្តេយ្យសិក្សាជើងគ្រាវ នាយក លោកគូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាសំបួរមាស បានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីចូលរួមជួយឧបត្ថម្ភជាសម្ភារ ថវិកា ដើម្បីចូលរួមសាងសង់អគារសម្រាប់ថ្នាក់មត្តេយ្យសិក្សាជើងក្រាម ស្ថិតក្នុងបរិវេណ នៃសាលាបឋមសិក្សាសំបួរមាស ភូមិអណ្តូងចេក ឃុំ ជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងមានការខ្វះខាតអគារ សិក្សាចាំបាច់ដែលជាបញ្ហាប្រឈមដល់ការសិក្សា របស់កុមារជារៀងរាល់ឆ្នាំ។
បច្ចុប្បន្នកុមារដែលកំពុងសិក្សារៀនសូត្រនៅកម្រិត មត្តេយ្យសិក្សាមានចំនួន១១៦នាក់ ស្រី៥៤នាក់ ចែកជា៣កម្រិត កម្រិតខ្ពស់២ថ្នាក់ កម្រិតមធ្យម១ថ្នាក់ ហើយកំពុងបន្តរៀនសូត្រក្នុងអគាររោងដោល ១ខ្នង ២បន្ទប់ ដែលសាងសង់ឡើងដោយសហគមន៍ធ្វើអំពីឈើ ពីងពង់ ប្រក់ស័ង្កសីចាស់ៗ រហែក ជញ្ជាំងធ្លុះធ្លាយ គ្មានបង្អួច ស្ថិតលើផ្ទៃដីរៀបស្មើពុំមានកម្រាលល្អត្រឹមត្រូវ សម្រាប់អង្គុយ រៀនរបស់កុមារតូចៗ គិតមកដល់ពេលនេះមានរយៈពេល៨ឆ្នាំមកហើយ។ បច្ចុប្បន្ន អគារសិក្សានេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ជាហេតុបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់សិស្សជាក់ស្តែងពេលមានខ្យល់ ភ្លៀងធ្លាក់ម្តងៗ ហើយមិនអាចឆ្លើយតបទៅនឹងតម្រូវការសិក្សាបន្តទៀតបានទេ។
គណៈកម្មការគ្រប់គ្រងសាលា សង្ឃឹមយ៉ាងមុតមាំថា សប្បុរសជននឹងចូលរួមជួយឧបត្ថម្ភជាសម្ភារ ថវិកា ដើម្បីចូលរួមសាងសង់អគារសម្រាប់ថ្នាក់មត្តេយ្យសិក្សាជើងគ្រាវ ស្ថិតក្នុងបរិវេណនៃសាលាបឋមសិក្សាសំបួរមាស ភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន១ខ្នង ៣បន្ទប់ ទំហំ៩ម៉ែត្រ គុណ២៤ម៉ែត្រ (កម្រាលបេតុង ជញ្ជាំង ថ្ម ប្រក់ប្រូស៊ីម៉ង់ត៍)។
លេខទូស័ព្ទទំនាក់ទំនង៖ លោកស្រី ផាន់ ថានី នាយិកាសាលាមត្តេយ្យសិក្សាជើងគ្រាវ 012 652 849 និងលោក កឹម អុល នាយកសាលាបឋមសិក្សាសំបួរមាស 092 650 160, 092 443 778, 012 657 063៕