(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឱ្យភាគីថៃ គោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសន្ធិសញ្ញា រួមទាំងក្នុង MoU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគី។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសថៃ ចេញសេចក្តីថ្លែងការណ៍ខុសពីការពិត ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមធ្វើការបំភ្លឺ៤ចំណុច លើបញ្ហានេះដូចតទៅ៖

១៖ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០។ ការប្រតិបត្តិរបស់កម្ពុជាពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ ផ្អែកលើភាពស្មោះត្រង់ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការអនុវត្តសន្ធិសញ្ញា និងគោលការណ៍សមភាពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

២៖ ជាការចាំបាច់ដែលត្រូវគូសបញ្ជាក់ថា ប្រទេសថៃបានខកខានម្ដងហើយម្ដងទៀត ក្នុងការបំពេញកាតព្វកិច្ចស្នូលរបស់ខ្លួន ក្រោម MoU 2000 ជាពិសេសលើមាត្រា១ ដែលបញ្ជាក់យ៉ាងច្បាស់ថា ផែនទីផលិតដោយគណៈកម្មការបារាំង-សៀមសម្រាប់ខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម គឺជាមូលដ្ឋានសម្រាប់ការកំណត់ព្រំដែននៃប្រទេសកម្ពុជានិងថៃ។ តែផ្ទុយពីការប្តេជ្ញាចិត្តចំពោះចំណងកាតព្វកិច្ចនេះ ថៃបានបន្តទទូចប្រើប្រាស់ និងបានប្រើប្រាស់ផែនទីគូសដោយឯកតោភាគី ដើម្បីទាមទារទឹកដី និងទន្ទ្រានចូលទឹកដីកម្ពុជា។ ទង្វើទាំងនេះគឺជាការបំពានលើច្បាប់អន្តរជាតិ និង MoU 2000 ដែលនៅតែជាចំណងកាតព្វកិច្ចតាមច្បាប់របស់រដ្ឋទាំងពីរ។

៣៖ ការសម្រេចរបស់កម្ពុជាក្នុងការបញ្ជូនវិវាទទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការថ្លឹងថ្លែងផ្អែកលើមូលដ្ឋានច្បាប់ និងជាការឆ្លើយតបដោយសន្តិវិធីចំពោះការបន្តរំលោភលើ MoU 2000 ដោយភាគីថៃ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ អំពើញុះញង់ និងការបង្ហាញពីកង្វះឆន្ទៈក្នុងការគោរពក្របខណ្ឌដែលបានឯកភាពគ្នាសម្រាប់ការងារខណ្ឌសីមាព្រំដែនរួម។ តុលាការយុត្តិធម៌អន្តរជាតិ ដែលជា ស្ថាប័នតុលាការស្នួលរបស់អង្គការសហប្រជាជាតិ គឺជាវេទិកាដែលមានការទទួលស្គាល់ និងស្របច្បាប់សម្រាប់ការវិនិច្ឆ័យលើវិវាទផ្លូវច្បាប់អន្តរជាតិ រួមទាំងបញ្ហាព្រំដែន ជាពិសេសលើករណីដែលយន្តការទ្វេភាគីបានជាប់គាំងដោយសារតែការរំលោភជាបន្តបន្ទាប់លើ MoU 2000 ដោយភាគីម្ខាង។

៤៖ ហេតុនេះ កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃ គោរពដោយសុទ្ធចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញារួមទាំងក្នុង MOU 2000 ដោយបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលបានប្រព្រឹត្តជាក់ស្តែង និងចូលរួមដោយស្ថាបនាក្នុងការដោះស្រាយ វិវាទតាមសន្តិវិធី រួមទាំងតាមរយៈតុលាការយុត្តិធម៌អន្តរជាតិដែលមានការទទួលស្គាល់ថា ជាយន្តការច្បាប់អន្តរជាតិ៕