(កំពង់ឆ្នាំង)៖ គណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង បានប្រារព្ធខួប៧៤ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ និងប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកគណបក្ស នៅស្រុកកំពង់លែង ចំនួន៤៥៤នាក់។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង, លោក ឡុច សុវណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត, លោក សាន់ យូរ អនុប្រធានអចិន្ដ្រៃយ៍គណបក្សខេត្ត, លោក សំ ចាន់ថន ប្រធានគណបក្សស្រុក, លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង, និងមានការចូលរួមពីសមាជិក សមាជិកាគណបក្សមកពីតាមបណ្ដាមូលដ្ឋាន និងសិស្សានុសិស្សជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានរួមសុខទុក្ខជាមួយប្រជាជនដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ ឆ្លងកាត់រយៈពេល៧៤ឆ្នាំកន្លងមកនេះ បានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ដែលបានផ្សាភ្ជាប់ រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។

គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ផ្ដោតលើការដឹកនាំជាតិដោយរក្សាអធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងលើកកម្ពស់គុណភាពជីវិភាពប្រជាពលរដ្ឋ តាមរយៈការបង្កើនចំណេះដឹង ការងារ និងកាត់បន្ថយភាពក្រីក្រ។ គណបក្សប្រកាន់ភ្ជាប់នូវគោលការណ៍ការបរទេស ឯករាជ្យ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការពារអធិបតេយ្យជាតិ ព្រមទាំងប្ដេជ្ញាបន្តបម្រើប្រជាជន និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីកសាងអនាគតរុងរឿងសម្រាប់កម្ពុជា សមិទ្ធផលសំខាន់ៗ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន រួមមាន៖ ការលើកស្ទួយសន្តិភាព ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យនានា។

លោកបន្ដថា មហិច្ឆតារបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំជាតិពន្លឺនយោបាយរុងរឿង នៅក្រោមភាពជឿជាក់ នៃសន្តិភាព និងអធិបតេយ្យជាតិ មានតែគណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ និងសាកសមបំផុតក្នុងការដឹកនាំនាវាកម្ពុជា។

ក្នុងនាមលោកជាប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់មូលដ្ឋានក្រុមការងារ និងប្រជាពលរដ្ឋដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបន្តដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បន្តដឹកនាំនាវាកម្ពុជាប្រកបដោយភាពឈ្លាសវៃ ដែលនាំមកនូវការរីកចម្រើនលើគ្រប់វិស័យ ស្ថេរភាពសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍជាតិ ប្រកបដោយចក្ខុវិស័យ ព្រមទាំងកំណើនការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព៕