(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា និង លោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា មានសុទិដ្ឋិនិយមថា កម្ពុជានិងឆែកនឹងស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយគ្នា ជាពិសេសការបង្កើនតុល្យភាពពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យមានការរីកចម្រើនកាន់តែខ្លំាងឡើង។

ការលើកឡើងបែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសដែល លោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅវិមានរដ្ឋសភា។

នៅក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ​ បានមានសុទិដ្ឋិនិយមយ៉ាងដូច្នេះថា៖ «កម្ពុជានិងឆែក នឹងស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយគ្នា ជាពិសេសការបង្កើនតុល្យភាពពាណិជ្ជកម្ម នៃប្រទេសទាំងពីរឱ្យមានការរីកចម្រើនកាន់តែខ្លំាងឡើង»

សម្តេចរដ្ឋសភាធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឆែក ដែលបានបង្វែរបំណុលពីអតីតកាលរបស់កម្ពុជា មកជាជំនួយសង្គម ជួយដល់ពលរដ្ឋខ្មែរ លើវិស័យសង្គមកិច្ច សុខភាព អប់រំ ជាដើម។ កម្ពុជាចង់ឃើញប្រទេសផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែក ក្នុងការលុបចោល ឬបង្វែរបំណុលដែលកម្ពុជាជំពាក់ មកជាជំនួយអភិវឌ្ឍន៍ ដែលនេះចាត់ទុកជាមូលដ្ឋាន ដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាផងដែរ។

សម្តេចបានបន្ដថា ការគំាទ្ររបស់ប្រទេសឆែក បានឆ្លើយតបនូវ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតអាទិភាពលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

បន្ថែមពីនេះ លោក ម៉ាទីន វ៉ាវរ៉ា និងសម្តេចប្រធានរដ្ឋសភា បានយល់ស្របដូចគ្នាពីសារៈសំខាន់នៅក្នុងការលើកកម្ពស់ វប្បធម៌សន្ទនា គោលការណ៍ពហុនិយម នៅក្នុងបរិបទដែលសកលលោក កំពុងប្រឈមបញ្ហាស្មុគស្មាញដែលមានលក្ខណៈផុយស្រួយប្រែប្រួលឆាប់រហ័ស និងបានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

សូមរំលឹកដែរថា សាធារណរដ្ឋឆែក ជាមិត្តចាស់របស់កម្ពុជា គឺជាមិត្តល្អ ដែលបានជួយកម្ពុជា តាំងពីគ្រាដែលកម្ពុជាជួបការលំបាកនាដើមទសវត្សរ៍ឆ្នាំ៨០មកម្ល៉េះ៕