(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមជាសេនាធិការនៃរដ្ឋាភិបាល ដែលបានអំពាវនាវទៅកាន់បងប្អូនពលករ ដែលកំពុងបម្រើការងារនៅប្រទេសថៃ ឱ្យត្រឡប់ មកធ្វើការនៅកម្ពុជាវិញនោះ ក្រសួងការងារមានទីផ្សារការងារជាច្រើនកំពុងរង់ចាំបងប្អូន។ ដោយនៅក្នុងនោះ បន្ថែមពីឱកាសការងារប្រមាណ២៥ម៉ឺនកន្លែងដែលក្រសួងបានប្រកាស, កម្ពុជា នៅមានឱកាសការងារ ជាច្រើនទៀត ដែលកំពុងត្រូវការ នៅក្នុងនោះប្រមាណ២០០.០០០កន្លែង កំពុងដាក់ទុនវិនិយោគ និងជាច្រើនកន្លែងទៀតនៅក្នុងវិស័យ SME ដែលមិនបានរាប់។ ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យ ក្រសួងការងារបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បន្ថែមពីឱកាសការងារ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថ្នាក់បណ្ដុះបណ្ដាលជំនាញវិទ្យាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចង់រៀន និងចង់មានជំនាញផ្ទាល់ខ្លួន ហើយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែនៅក្នុងអំឡុងពេលសិក្សានោះថែមទៀតផង។ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ លើវិស័យចំនួន១០ និងជំនាញអាទិភាពចំនួន ៤៥មុខជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអាចប្រកបមុខរបរការងារ សម្រាប់ចិញ្ចឹមជីវិត ព្រមទាំងអាចរកចំណូលប្រចាំថ្ងៃបានបន្ថែមទៀត។

សូមជម្រាបថា វិស័យអាទិភាពទាំង១០ ដែលក្រសួងការងារកំពុងតែធ្វើការបណ្តុះបណ្តាលដល់យុវជននោះរួមមាន៖ វិស័យសំណង់, វិស័យអគ្គិសនី និងថាមពល, វិស័យអេឡិចត្រូនិក, វិស័យបរិក្ខាត្រជាក់ និងកំដៅ, វិស័យកម្មន្តសាល, វិស័យមេកានិក/មេកានិករថយន្ត, វិស័យទេសចរណ៍, វិស័យសេវាកម្ម, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យធុរកិច្ច និងព័ត៌មានវិទ្យា។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាជាបន្តដូចតទៅ៖