(តាកែវ)៖ ក្រោយពីទទួលព័ត៌មានថានៅស្រុកទ្រាំងមានក្មេងកំព្រា២នាក់បងប្អូនមានជីវភាពទីទ័លក្រ ឪពុកម្ដាយបានស្លាប់ នៅរសៀលថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រិទ្ធបណ្ឌិត មកប្រគល់ជូនបងប្អូន២នាក់កំព្រាឪពុកម្ដាយ និងមានជីវភាពទីទ័លក្រ នៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោលឡើយ» និង ពាក្យស្លោក «ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។
សម្ភារដែលប្រគល់ជូនកុមារកំព្រាទាំងពីរនាក់រួមមាន៖ អង្ករ ៥០ គីឡូ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំ១ប្រអប់ធំ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកាមួយលានរៀល៕