(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៨ ខាងលើ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ដាតុ ស៊េរិ យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៉ី។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំអាស៊ានក្រោមប្រធានបទ «បរិយាបន្ន និងចីរភាព»

ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងពិភាក្សាពីការកសាងសហគមន៍អាស៊ាន និងការពង្រឹងមជ្ឈភាពអាស៊ាននៅចំពោះមុខស្ថានការណ៍តំបន់ និងពិភពលោក កាន់តែមានភាពស្មុគស្មាញ។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

សូមបញ្ជាក់ថា កិច្ចប្រជុំអាស៊ាននេះធ្វើឡើងស្របពេលតំបន់កំពុងប្រឈមបញ្ហាជាច្រើនដូចជា៖ ជម្លោះក្នុងសមុទ្រចិនខាងត្បូង, បញ្ហាមីយ៉ាន់ម៉ា និងពន្ធគយជាដើម៕