(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារបានរៀបចំពិធីអបអរសាទរខួបលើកទី ១៧ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅបរិវេណបារាយ៍ខាងលិចនៃជើងភ្នំប្រាសាទព្រះវិហារ ក្រោមអធិបតីរបស់ លោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពី អភិបាលខេត្តព្រះវិហារ អគ្គនាយអាជ្ញាធរជាតិព្រះវិហារ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធិស្នាល និងអធឹកអធម។
អង្គពិធីបានសម្តែងនូវសេចក្តីរំភើបជាអនេកចំពោះព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៧ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងសម្តែងនូវកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ ចំពោះព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។
ជាមួយគ្នានេះដែរ អង្គពិធីបានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលជោគជ័យដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបានកើតចេញពីពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តនូវគោលនយោបាយជាប្រវត្តិសាស្រ្តនេះ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារ អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ។
ការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មិនត្រឹមតែបញ្ជាក់អំពីតម្លៃលេចធ្លោជាសកលនៃស្នាដៃស្ថាបត្យកម្មល្អឯករបស់ដូនតាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃការផ្តល់យុត្តិធម៌ និងភាពត្រឹមត្រូវដល់គ្រប់ភាគី តាមរយៈសាលដីការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបាននាំមកនូវសុខសន្តិភាពយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។
អង្គពិធីបានបញ្ចប់ដោយការរៀបចំដាំកូនឈើរួមគ្នា ដោយមានការចូលរួមពីអង្គពិធីទាំងមូល ក៏ដូចជាសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ដើម្បីបណ្តុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយចូលរួមចំណែកដល់ការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ ប្រកបដោយស្មារតីស្នេហាជាតិ និងស្រឡាញ់បេតិកភណ្ឌវប្បធម៌។