(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆមាសទី១ ឆ្នាំ២០២៥ គិតទាំងការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ ឆ្នាំ (២២,៣៥៣រូប) តែងតាំងថ្មី (៧៨៩រូប) លាឈប់ និងចប់អាណត្តិ (៣៥០ រូប) បញ្ឈប់ពីមុខតំណែង (៥ រូប) ចូលនិវត្តន៍ (២៣៥ រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលមានចំនួន (២៣,៧៣៥រូប)។
ជាក់ស្តែងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) បានបើកកិច្ចប្រជុំលើកទី៤៨ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំរបស់ខ្លួនលើកទី៤៧ អាណត្តិទី៣ ឆ្លង និងអនុម័តរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៥ នៃការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
លោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានបន្ថែមថា ដោយឡែកក្នុងខែមិថុនានេះ មានមន្ត្រីចំនួន ១៩៨រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ចំនួន ១១៦រូប, មន្ត្រី ១រូប ប្រកាសក្រោយបញ្ឈប់ពីមុខតំណែង, មន្ត្រី ២រូប ប្រកាសតាមតម្រូវការស៊ើបអង្កេត និង ៧៩ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍ និងចប់អាណត្តិ។
សម្រាប់ការងារពាក្យប្ដឹង ក្នុងឆមាសទី១ គឺបានទទួល ២៥៩ពាក្យប្ដឹង ក្នុងនោះពាក្យប្ដឹងអនាមិកមាន ៨៦ (៣៣,២០), ពាក្យប្ដឹងចំនួន២០ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្ដឹងចំនួន១១៥ ក្រោយវិភាគ ស្រាវជ្រាវ សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយអន្តរាគមន៍ឱ្យជួយដោះស្រាយ ៧ពាក្យប្ដឹង, កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧សំណុំរឿង, កំពុងបន្តនីតិវិធីស្រាវជ្រាវ ១១៤ពាក្យប្ដឹង កំពុងដំណើរការ ៣បណ្តឹង។
ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបញ្ជាក់ថា ACU ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែសរុបចំនួន ៤៦ពាក្យប្ដឹង ផងដែរ។
ចំពោះការងារតំបន់ និងអន្តរជាតិ ក្នុងឆមាសទី១ ACU បានចូលរួមកិច្ចប្រជុំ សិក្ខាសាលាសន្និសីទ ទស្សនកិច្ចតាមបណ្តាប្រទេសមួយចំនួន មាន១៦លើក នៅចិន ឥណ្ឌូនេស៊ី បារាំង អាហ្សេបៃហ្សង់ ទីក្រុងហុងកុង អូទ្រីស រុស្ស៊ី និងម៉ារ៉ុក និងអង្គការ អន្តរជាតិ ថ្នាក់តំបន់ និងពិភពលោក៕