(ព្រៃវែង)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៥ បានពន្យល់ ដល់ប្រជាពលរដ្ឋ ជាពិសេសបង ប្អូន ពលករ ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យ ចុះ ឈ្មោះ ធ្វើការងារ នៅរោងចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍ សម្បូរ បែបជាងនៅប្រទេសថៃ។
ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី បានអញ្ជើញថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពលករ ដែល ទើបមកពីប្រទេសថៃ ប្រមាណ ១០០០នាក់ក្នុង «វេទិកា ការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៨ ជាមួយឱកាសការងារជិត ១ម៉ឺនកន្លែង។
លោករដ្ឋមន្រ្តីបានអះអាងថា ការធ្វើការងារនៅរោង ចក្រ សហគ្រាសនៅកម្ពុជា បងប្អូនពលករនឹងទទួលបាន ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រាក់សោធនជរាភាព (ប្រាក់ ចូល និវត្តន៍ ឬប្រាក់រ៉ឺត្រែត) ការធានារ៉ាប់រង គ្រោះថ្នាក់ការងារ និងការយកចិត្តទុក ដាក់ដែលពលករ មិន ដែលទទួល បាននៅអំឡុងពេលធ្វើការនៅប្រទេសថៃ។
លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖ «ចំណូលយើង បើបូកចូលគ្នាទាំង ប្រាក់ខែគោល បូកទាំងប្រាក់ ឧបត្ថម្ភនានា ទៀត ខ្ញុំគិតថា មិនតិចជាង ២៥០ដុល្លារ នោះទេ ហើយបើថែមម៉ោងទៀត អាចឡើង ដល់ ជាង ៣០០ដុល្លារដែរ ប្រាក់៣០០ដុល្លារជាងនេះ អាច មានបងប្អូនខ្លះថា នៅទាប ជាងគេ ប៉ុន្ដែកុំភ្លេចថា លុយបង ប្អូន ៣០ ឬ៥០ដុល្លារនៅពេលនេះ គឺដូចរដ្ឋទុកលុយឱ្យបងប្អូនអីចឹង គឺថ្ងៃក្រោយ ពេលបងប្អូនឈឺ រដ្ឋចេញលុយ ពេលបងប្អូនចាស់ទៅ រដ្ឋយក លុយរបស់ប្អូន យកមកឱ្យបងប្អូនវិញ។ ប៉ុន្ដែបើបងប្អូនធ្វើការងារនៅក្រៅប្រទេស ពេលបងប្អូនឈឺ ឬពេលបង ប្អូនចាស់ទៅ គឺមិនមានលុយសង ត្រឡប់មកឱ្យបង ប្អូនយើងវិញទេ ព្រោះយើង គ្មានប្រាក់ សន្សំនៅទីនោះ...ជាពិសេស បងប្អូនស្រី្ត ដែល សម្រាលកូន ក៏ទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ផងដែរ។ អ៊ីចឹងផលប្រយោជន៍ទាំងអស់នេះ អាចធ្វើឱ្យបង ប្អូនគិតពិចារណា ក្នុងការងាកមក ធ្វើការងារនៅ ក្នុង ស្រុកយើងវិញ»។
ជាមួយនឹងប្រាក់ឈ្នួលខុសគ្នាបន្តិចបន្តួចរវាងការធ្វើការនៅកម្ពុជា និងថៃ លោករដ្ឋមន្ត្រីបានអំពាវ នាវសារជា ថ្មីម្តងទៀត ទៅដល់ពលករ ដែលបានវិលត្រឡប់ មកពីប្រទេសថៃ និងអ្នកដែលមានគោល បំណងវិលមកកាន់កម្ពុជា ឱ្យជ្រើសរើសការងារនៅ កម្ពុជាវិញ ព្រោះជាការកាត់ ចំណាយ សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថា ដើម្បីធានាថា ពលករខ្មែរដែលត្រឡប់មក ពីប្រទេសថៃវិញមានការងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាល បានបើកវេទិកានៅតាមបណ្ដាខេត្តធំៗចំនួន ៥រួមមាន ខេត្តព្រៃវែង កំពង់ចាម កំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង៕