(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីបើកសន្និសីទអន្តរជាតិ ASAIHL 2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ - The Association of Southeast Asian Institution of Higher Learning) លើប្រធានបទ “ឌីជីថលនីយកម្មក្នុងការអប់រំឧត្តមសិក្សា - Digitalization in Higher Education” ក្រោមអធិបតីភាព លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការអញ្ជើញ ចូលរួមនិងធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស និងអ្នកស្រាវជ្រាវមកពី ៤៦សាកលវិទ្យាល័យ នៃ ១៧ប្រទេសជុំវិញពិភពលោក ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី សរុបចំនួន ១,៥២៥នាក់ ។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ASAIHL គឺជាសន្និសីទស្រាវជ្រាវលក្ខណៈអន្តរជាតិ ដែលតែងតែរៀបចំឡើង ២លើកក្នុង១ឆ្នាំ និងមានសមាជិកចំនួន ២៤៦គ្រឹះស្ថានឧត្តមសិក្សា មកពី ២៦ប្រទេស។ សម្រាប់ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសត្រូវបានសមាគមជ្រើសរើសជាម្ចាស់ផ្ទះ ដើម្បីរៀបចំសន្និសីទរបស់សមាគម។ សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា នៅឯក្រៅប្រទេសដែលជាសមាជិកសមាគម ជាពិសេស ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ក៏ដូចជាវិស័យសិក្សាស្រាវជ្រាវឱ្យមានការទទួលស្គាល់ជាអន្តរជាតិ តាមរយៈ ៦ចំណុចសំខាន់ៗ ៖
១-ជំរុញការផ្លាស់ប្តូរគំនិត យោលបល់ និងការរៀនសូត្រពីគ្នារវាងអ្នកស្រាវជ្រាវមកពីវិស័យ និងជំនាញផ្សេងៗ។
២-បង្កើតវេទិកាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអ្នកស្រាវជ្រាវ ក្នុងគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
៣-បង្ហាញស្នាដៃស្រាវជ្រាវ ដែលមានគុណភាពខ្ពស់ វិធីសាស្ត្រស្រាវជ្រាវ និងលទ្ធផលស្រាវជ្រាវសំខាន់ៗ ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយ សកម្មភាពស្រាវជ្រាវ ឱ្យកាន់តែប្រសើរឡើង ។
៤-ស្វែងយល់ពីបញ្ហាទូទៅ ចំណុចខ្វះខាត និងឱកាសក្នុងការស្រាវជ្រាវ និងពិភាក្សាអំពីយុទ្ធសាស្ត្រដែលអាចដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព។
៥-ចែករំលែកនូវវិធីសាស្រ្ត បច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដែលអាចជំរុញវឌ្ឍនភាព ក្នុងវិស័យផ្សេងៗ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៦-គាំទ្រយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរួមចំណែកពង្រឹងប្រព័ន្ធអប់រំ និងការអភិវឌ្ឍមូលធនមនុស្ស ក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ លោកបណ្ឌិត បានថ្លែងអំណរគុណ ចំពោះគណៈប្រតិភូ នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួម សន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញ ចែករំលែកស្នាដៃស្រាវជ្រាវ និងចំណេះដឹងល្អៗ ជូនដល់សិស្ស-និស្សិតកម្ពុជា ។ លោកបណ្ឌិត បានបន្ថែមថា សន្និសីទនេះ បានរួមចំណែក យ៉ាងធំធេងក្នុងការបង្កើនមូលធនមនុស្ស ប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកបណ្ឌិត សាន វឌ្ឍនា បានថ្លែងកោតសរសើរ ចំពោះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ASAIHL 2025 នេះ ដែលជាការរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបង្កើនកិត្យានុភាព ជាតិនៅលើឆាកអន្តរជាតិ។
លោកបណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថល នៅថ្នាក់ឧត្តមសិក្សា គឺជាបញ្ហាដែលយើងត្រូវឆ្លើយតបឱ្យបានលឿន និងល្អបំផុត។ វាមិនមែនគ្រាន់តែជាការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ។ ប៉ុន្តែ វាត្រូវទាមទារនូវការកំណត់អត្តសញ្ញាណច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងយល់ច្បាស់ អំពីគោលបំណង នៃស្ថាប័នរបស់យើង ។ លោកបណ្ឌិត ក៏បានលើកឡើង នូវតួនាទីដ៏សំខាន់ចំនួន ៥ របស់គ្រឹះស្ថានឧត្តមសិក្សា ដែលយើងត្រូវគិត ពិចារណា ជាអាទិ៍ ១-សាកលវិទ្យាល័យជាមជ្ឈមណ្ឌល នៃការផ្លាស់ប្តូរដែលមិនចេះរីងស្ងួត ២-សាកលវិទ្យាល័យជាស្ថាបត្យករ នៃសេវាកម្ម និងទីផ្សារ នាពេលអនាគត ៣-សាកលវិទ្យាល័យ ជាអ្នកដោះស្រាយភាពស្មុគស្មាញ នៃសង្គម ៤-សាកលវិទ្យាល័យជាមជ្ឈមណ្ឌល នៃឧត្តមភាព សម្រាប់សមាហរណកម្ម ឌីជីថល និង ៥-សាកលវិទ្យាល័យជាវេទិកា សម្រាប់ការរៀន តាមបែបសម័យទំនើប និងជាគំរូអាជីវកម្ម ។
ជាទីបញ្ចប់ លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានជូនពរដល់ការរៀបចំសន្និសីទអន្តរជាតិ ASAIHL 2025 នេះ ឱ្យទទួលបានជោគជ័យ និងសម្រេចបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ប៊ែលធី ក៏ដូចជាវិស័យអប់រំនៅកម្ពុជា និងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ៕