(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ បានចាត់មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខាកាកបាលក្រហមកម្ពុជាខេត្តនិងសហការី បើកវគ្គផ្សព្វផ្សាយស្តីពី សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ និង វិធានការក្តាប់ បាន ស្ថិតិគ្រួសារងាយរងគ្រោះបំផុតតាម ភូមិ ឃុំជូនដល់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមនិងអាជ្ញាធរមូលដ្ឋានភូមិឃុំក្នុងស្រុកសង្កែវគ្គផ្សព្វផ្សាយ។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក យ៉ម យ៉ា អភិបាលរងស្រុក លោកលោកស្រីមន្ត្រីប្រតិបត្តិសាខាមន្ត្រីប្រចាំការអនុសាខាស្រុកក្រុមកាកបាលក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិសរុប៣២ នាក់ ស្រី៩នាក់មកពីឃុំទាំង២០នៃស្រុកសង្កែ។នៅសាលប្រជុំសាលាស្រុកសង្កែ។
ថ្លែងក្នុងឱកាសនោះលោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាខា បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំមកជាមួយនូវសេចក្តីនឹករលឹក ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ពី លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមកាកបាទក្រមឃុំ អ្នកស្ម័គ្រចិត្តភូមិទាំងអស់និងបានថ្លែងនូវការកោតសរសើរចំពោះកម្លាំងអ្នកស្ម័គ្រចិត្តរបស់យើងដែលតែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។
ជាមួយគ្នានេះ លោកនាយករង បានរំលឹកពីប្រវត្តិនៃការកកើតកម្លាំងអ្នកស្ម័គ្រចិត្តរបស់ចលនាអន្តរជាតិកាកបាទ
ក្រហមនិងអឌ្ឍចន្ទក្រហម ដែលជាបណ្តាញអ្នកស្ម័គ្រចិត្តរបស់ពិភពលោក។ ទន្ទឹមនឹងនេះ អ្នកស្ម័គ្រចិត្តកាកបាទ
ក្រហមកម្ពុជា ត្រូវបានឆ្លងកាត់វគ្គបណ្តុះបណ្តាលស្តីពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, គោលការណ៍គ្រឹះទាំង៧របស់ចលនា និងវិជ្ជាសង្គ្រោះបឋម ដែលអាចយកទៅអនុវត្តបានក្នុងការជួយដល់ប្រជាពលរដ្ឋនៅសហគមន៍ដែលជួបប្រទះគ្រោះថ្នាក់ផ្សេងៗ។
លោកនាយកសាខាបានបន្តថា ប្រធានបទនៃខួបលើកទី១៦២នៃទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំ២០២៥នេះគឺ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់ កាកបាទក្រហមកម្ពុជា លើកិច្ចការត្រៀមជួយសង្គ្រោះ មិនត្រឹមតែភាពងាយរងគ្រោះរបស់កម្ពុជាចំពោះគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតួនាទីពាក់ព័ន្ធរបស់កាកបាទក្រហមកម្ពុជា នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៀតផង។
កាកបាទក្រហមកម្ពុជានាបច្ចុប្បន្ននេះ បានឈានមុខគេក្នុងការត្រៀមរៀបចំគ្រោះមហន្តរាយអាកាសធាតុ ការអប់រំសហគមន៍ និងការឆ្លើយតបគ្រាអាសន្ន ដោយធានាថា គ្មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានទុកចោល នៅពេលមានគ្រោះមហន្តរាយកើតឡើងឡើយ។
លោក កុសុម សិភីនារ៉ា ក៏បានគូសបញ្ជាក់ថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ត្រូវក្តាប់ឱ្យបាននូវស្ថានភាពគ្រួសារងាយរងគ្រោះបំផុត ដូចជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ដេីម្បីជួយពួកគាត់ឱ្យបានល្អប្រសើរ និងប្រសិទ្ធភាព ចំគោលដៅថែមទៀតផងដែរ។
ទន្ទឹមនឹងនេះ យេីងត្រូវធ្វេីការងារត្រៀមបង្ការ ដែលផ្តោតលេីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។ ក្នុងន័យនេះ ក្នុងនាមថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដែលមានលោក សុខ លូ ជាប្រធាន លោក នាយកសាខាបានអំពាវនាវសូមឱ្យយកចិត្តទុកដាក់គិតគូរពីការថែរក្សាសុខភាពឱ្យបានល្អ ដោយការហូបអាហារសុខភាព ត្រូវនាំគ្នាហាត់ប្រាណ ត្រូវនាំគ្នាបញ្ចេញពលកម្ម កាត់
បន្ថយការបរិភោគគ្រឿងកំប៉ុង ឬអាហារដែលវេចខ្ចប់ ឬអាហារចៀន អាហារបំពង ឬអាហារដែលមានខ្លាញ់ច្រើន ស្ករច្រើន និងប្រៃពេក ដើម្បីបញ្ចៀសបាននូវជំងឺមិនឆ្លងនានា ដូចជា ជំងឺបេះដូងសរសៃឈាម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ, ជំងឺទឹកនោមផ្អែម, ជំងឺមហារីកជាដើម។
បន្ថែមពីនេះក៏សូមចូលរួមជួយថែរក្សា និងការពារបរិស្ថានឱ្យបានល្អ គឺត្រូវចាប់ផ្តើមពីការមិនប្រើថង់ប្លាស្ទិក ឬរបស់ប្លាស្ទីកផ្សេងៗរហូតដល់ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការដុតសំរាមដែលនាំឱ្យប៉ះពាល់សុខភាព និងបរិស្ថាន ហើយត្រូវនាំគ្នាដាំដើមឈើ ដើម្បីទប់ទល់បានទៅនឹងការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។
លោក កុសុម សុភីនារ៉ា នាយកសាខា ឲ្យដឹងថាកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទាំងជាតិ និងអន្តរជាតិ។ ខណៈការផ្តោតសំខាន់របស់កាកបាទក្រហម ដែលតែងតែជួយដល់ប្រជា
ជនរបស់ខ្លួននៅក្នុងស្រុក តួយ៉ាងដូចជាអតីតកាលរបស់កម្ពុជា ដែលស្ថិតក្នុងពេលមានសង្រ្គាម, គ្រោះធម្មជាតិនិងវិបត្តិសុខភាពនោះ, កាកបាទក្រហមកម្ពុជា ក៏នៅបានរួមចំណែកជួយដល់ចលនាកាកបាទក្រហមអន្តរជាតិយ៉ាងទូលំទូលាយតាមមធ្យោបាយសំខាន់ៗគួរឱ្យកត់សម្គាល់ផងដែរ៕