(ភ្នំពេញ)៖ ការរៀបចំស្ទង់មតិរបស់វិទ្យាស្ថាន NIDA របស់ថៃដើម្បីវាស់ស្ទង់ពីទឹកចិត្តប្រជាជនរបស់ខ្លួនចំពោះបុរសខ្លាំងកម្ពុជា តេជោ សែន គឺជាភស្តុតាងច្បាស់ក្រឡែតមួយដែលបញ្ជាក់ថា ប្រទេសថៃចាប់អារម្មណ៍ និងផ្តល់តម្លៃខ្លាំងបំផុតចំពោះមេដឹកនាំដ៏មានឥទ្ធិពលរបស់កម្ពុជា។ អ្វីដែលគួរកត់អោយសម្គាល់នៅត្រង់ថា ការរៀបចំស្ទង់មតិថ្នាក់ជាតិ នៅក្នុងចំណោមប្រជាពលរដ្ឋនៃប្រទេសមួយអំពីមេដឹកនាំប្រទេសមួយទៀត គឺជារឿងដ៏កម្រណាស់ ពីព្រោះជាទូទៅគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបនេះនោះទេ។ ប៉ុន្តែចម្លែកអ្វីតែប្រទេសថៃ បែរជាអាចធ្វើរឿងបែបនេះបាន។

ព្រឹត្តិការណ៍នេះសបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំ អ្នកនយោបាយ និងប្រជាជនថៃ ពិតជាផ្តល់តម្លៃកម្រិតខ្ពស់ណាស់ដល់បុរសខ្លាំងកម្ពុជាគឺ តេជោ ហ៊ុន សែន។ ហេតុអ្វី?

ទី១៖ ប្រវត្តិសាស្ត្រកម្ពុជាពីអតីតកាលបង្ហាញថា សៀមតែងខ្ចីដៃអ្នកនយោបាយខ្មែរ ដើម្បីឱ្យច្បាំងគ្នាឯងរួច ហើយសៀមចាំតែទទួលផលចំណេញពីខ្មែររហូត។ ប៉ុន្តែ កម្ពុជាក្នុងសករាជតេជោ-ធិបតី គឺជាសម័យកាលតែមួយគត់ដែលធ្វើឱ្យសៀមបាក់អំនួត ក្រោមឥទ្ធិពលរបស់ថ្នាក់ដឹកនាំដ៏មានឥទ្ធិពលគ្មានគូប្រៀបរបស់កម្ពុជានៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ ចាប់តាំងពីក្រោយសម័យអង្គររហូតមក។

ទី២៖ តេជោ សែន ដែលពលរដ្ឋខ្មែរចាត់ទុកជារដ្ឋបុរសក្នុងបេះដូងរបស់ខ្លួន ពិតជាបានលះបង់ធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាជន។ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលបានបិទបញ្ចប់សង្គ្រាមស៊ីវិលជិត ៣០ឆ្នាំ និងបានទាញប្រទេសនិងប្រជាពលរដ្ឋខ្មែរចេញពីរណ្តៅមរណៈ ហើយបានប្រែក្លាយប្រទេសពីគំនរផេះផង់ទៅជាប្រទេសដែលមានការលូតលាស់យ៉ាងលឿនជាងគេមួយក្នុងតំបន់បើធៀបនឹងការចេញដំណើរ។ តេជោ សែន មិនត្រឹមតែជាមេដឹកនាំខ្លាំងពូកែសម្រាប់កម្ពុជាប៉ុណ្ណោះទេតែក៏ជាមេដឹកនាំដ៏មានបទពិសោធន៍ដែលបណ្តាប្រទេសក្នុងតំបន់ទទួលស្គាល់ កោតសរសើរ និងគោរព។

ទី៣៖ មិនថាសមរភូមិយោធា សមរភូមិនយោបាយផ្ទៃក្នុង ឬសមរភូមិការទូតឡើយ សម្តេចតេជោ ហ៊ុន សែន បានឆ្លងកាត់គ្រប់រស់ជាតិនិងគ្រប់ដំណាក់កាល ហើយសុទ្ធតែទទួលបានជោគជ័យ មិនថាវិញ្ញាសារនោះមានលក្ខណៈលំបាកស្មុគស្មាញនិងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ នៅក្នុងជម្លោះព្រំដែនជាមួយថៃ រដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងតេជោ សែន ជាប្រធានព្រឹទ្ធសភា បានដាក់ចេញវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពដែលធ្វើឱ្យថៃភ្ញាក់ផ្អើលនិងភ្លឺភ្នែកជាបន្តបន្ទាប់។

ទី៤៖ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំកម្ពុជាដែលស្គាល់ប្រទេសថៃ និងអ្នកនយោបាយថៃច្បាស់ដូចបាតដៃ ហើយពាក្យសម្តីមួយម៉ាត់ៗរបស់លោកអាចធ្វើឱ្យអ្នកនយោបាយជាន់ខ្ពស់ថៃញាក់សរសៃរហូតដល់អ្នកខ្លះហ៊ានអះអាងថា សម្តេចតេជោ ហ៊ុន សែន លូកចូលកិច្ចការផ្ទៃក្នុងរប់សថៃថែមទៀតផង។ ការចោទប្រកាន់បែបនេះគឺមកពីពួកគេទទួលស្គាល់ ឥទ្ធិពលដ៏ខ្លាំងក្លារបស់តេជោសែន ដោយខ្លួនឯង។ តាមការពិតអ្វីដែលមេដឹកនាំកម្ពុជាបានលើកឡើងគ្រាន់តែជាវិធីសាស្ត្រឆ្លើយតបដើម្បីការពារកម្ពុជាពីការឈ្លានពានតែប៉ុណ្ណោះ។

ទី៥៖ សម្តេចតេជោ ហ៊ុន សែន ហ៊ានរហូតដល់ព្យាករអំពីការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក្នុងអំឡុងពេលយ៉ាងយូរបីខែខាងមុខ និងបានបង្ហើបជាមុនថា លោកបានដឹងថា តើនរណាជានាយករដ្ឋមន្ត្រីថ្មីថែមទៀតផង។ ការព្យាករណ៍ដ៏ច្បាស់លាស់ទាំងនេះបានធ្វើឱ្យសង្គមថៃទាំងមូលនៅមិនសុខទេពីព្រោះតែសម្តីដ៏មានឥទ្ធិពលនិងត្រឹមត្រូវគ្មានខុសរបស់មេដឹកនាំខ្មែរ ដែលធ្វើឱ្យថៃរឹតតែយល់ពីឥទ្ធិពលនិងនយោបាយស៊ីជម្រៅកម្រិតខ្ពស់របស់បុរសខ្លាំងកម្ពុជា។

ទាំងនេះ គឺជាហេតុផលដែលរដ្ឋាភិបាលថៃបានសម្រេចចិត្តធ្វើការស្ទង់មតិអំពី សម្តេចតេជោ ហ៊ុន សែន ក្នុងចំណោមប្រជាពលរដ្ឋរបស់ខ្លួន។ ការស្ទង់មតិនេះទំនងជាថៃចង់បន្សាបឥទ្ធិពលរបស់ សម្តេចតេជោ ហ៊ុន សែន ពីក្នុងសតិអារម្មណ៍ប្រជាជនរបស់ខ្លួន ប៉ុន្តែផ្ទុយស្រឡះពីនេះ ក្រុមអ្នកវិភាគបានមើលឃើញថា នេះគឺជាការផ្តល់តម្លៃកាន់តែខ្លាំងរបស់ថៃទៅលើ សម្តេចតេជោ ហ៊ុន សែន ទៅវិញទេពីព្រោះពាក្យសម្តីតែប៉ុន្មានម៉ាត់របស់បុរសខ្លាំងកម្ពុជាបានធ្វើឱ្យថៃវង្វេងរហូតដល់រៀបចំការស្ទង់មតិផ្ទៃក្នុងដែលមិនគួរនឹងធ្វើបែបនេះទាល់តែសោះ។

លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញថា អ្វីដែលមេដឹកនាំកម្ពុជាបាននិងកំពុងធ្វើដើម្បីប្រឆាំងការឈ្លានពានរបស់ថៃពិតជាត្រឹមត្រូវដែលធ្វើឱ្យប្រជាពលរដ្ឋថៃមួយចំនួនមិនសប្បាយចិត្ត ប៉ុន្តែប្រជាពលរដ្ឋខ្មែរបែរជាសាទរនិងគាំទ្រយ៉ាងខ្លាំង។ ជាក់ស្តែង ការស្ទង់មតិមួយដែលធ្វើឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) កាលពីថ្មីៗនេះបានបង្ហាញថា ស្ទើរតែ ១០០% នៃប្រជាពលរដ្ឋខ្មែរគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលចំពោះជម្លោះព្រំដែនជាមួយថៃពិសេសការនាំយកសំណុំរឿងមុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ។ សរុបមកវិញ លទ្ធផលនៃការស្ទង់មតិនៅកម្ពុជានិងនៅប្រទេសថៃបានបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដ៏ខ្លាំងពូកែរបស់ខ្មែរដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូគដីពីប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលសង្គមថៃកំពុងបែកបាក់ និងវង្វេងរហូតហ៊ានរៀបចំការស្ទង់មតិមួយដែលមិនគួរធ្វើ។ នេះមានន័យថា ថៃរវល់តែគិតរឿងឥទ្ធិពលរបស់តេជោ សែន រហូតភ្លេចគិតដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន។ តើនេះមិនមែនជាការផ្តល់តម្លៃយ៉ាងខ្ពស់បំផុតពីសំណាក់ប្រទេសថៃដល់តេជោ សែន ទេឬ?

ដោយ វង្ស មករា
សាស្ត្រាចារ្យ