(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។
នៅក្នុងឱកាសនៃជំនួប, លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធីបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតប្រចាំកម្ពុជា។
លោកបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឆែក-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់អំពីយន្តការកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសប្រទេសទាំងពីរ ដែលបានរួមចំណែកក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងអាណត្តិការងាររបស់លោកនៅកម្ពុជា នាពេលកន្លងមក ដែលឈានទៅសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន។
ព្រមជាមួយគ្នានោះ, លោកក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋឆែកនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ ជាពិសេស នៅក្នុងវិស័យអប់រំ, សុខាភិបាល, និងកសិកម្ម។ លោកក៏បានសន្យាជួយជំរុញវិនិយោគិនឆែក ពិចារណាវិនិយោគនៅប្រទេសកម្ពុជា ផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរ លោកឯកអគ្គរដ្ឋទូតឆែក ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឆែក។
សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងឆែកមានទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែង និងត្រូវបានពង្រឹង និងពង្រីកជាលំដាប់ រហូតមកដល់ពេលបច្ចុប្បន្ន។
សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលបានរួមចំណែកគាំទ្រដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅអតីតសាធារណរដ្ឋឆេកូស្លូវ៉ាគី និងសាធារណរដ្ឋឆែកនាពេលបច្ចុប្បន្ន។ ការណ៍នេះបានរួមចំណែកជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។
ព្រមជាមួយគ្នានោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕