(កំពង់ស្ពឺ)៖ ថ្លែងចេញពីទឹកដីនៃខេត្ដកំពង់ស្ពឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានណែនាំឲ្យបន្ដ ការលើកកម្ពស់អនាម័យ នៅតាមសាលារៀន ព្រម​ទាំងបង្កើនការអប់រំអំពីសុខភាពសិក្សា និងសុវត្ថិភាពចំណីអាហារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធ ក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារ​ទីចាត់ការ និងអគារស្នាក់នៅ នៅតាមសាលានានា ទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។

សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់​នាព្រឹកថ្ងៃនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «បន្តការលើកកម្ពស់អនាម័យ នៅតាមសាលារៀន ដោយត្រូវត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់​ភ្លាមៗ ព្រមទាំង បង្កើនការអប់រំអំពីសុខភាពសិក្សា និង សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា បន្ទប់សុខភាពស្ដង់ដារ, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាត គ្មានសំរាមជាដើម»

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ទន្ទឹមនេះ ត្រូវគិតគូរអំពីការដោះស្រាយ​បញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្ស នៅតាមសាលារៀន ដោយត្រូវបញ្ចូល កម្មវិធីអប់រំសុខភាពផ្លូវចិត្ត និងសុខុមាលភាពនៅក្នុងសាលារៀនផងដែរ។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សំដៅលើកកម្ពស់គុណវុឌ្ឍគ្រូ ឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ជាតិ និង អន្តរជាតិ, ដោយត្រូវផ្តល់ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្រៀន ជាប្រចាំ និងឧបករណ៍គាំទ្រចាំបាច់នានា ស្របតាមវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តធ្វើសមាហរណកម្ម​បច្ចេក​វិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយបន្តជំរុញ ការបង្កើតមជ្ឈមណ្ឌល​អប់រំឌីជីថល, ការរៀបចំថ្នាក់រៀនឆ្លាតវៃ និង ការភ្ជាប់បណ្ដាញអ៊ីនធឺណិត នៅតាម​គ្រឹះស្ថានសិក្សា។

លើសពីនោះទៀត ព្រមទាំងបន្ត លើកកម្ពស់សមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូល​ការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងការបង្រៀន និង ការរៀន, កែលម្អមាតិកាសិក្សា និង ផ្សព្វផ្សាយមាតិកាឌីជីថលឱ្យបានទូលំទូលាយ។ នេះជាបញ្ជាក់បន្ថែម របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕