(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការកសាង និងអភិវឌ្ឍន៍ធនធានមនិុស្ស គឺជាកិច្ចការចាំបាច់សម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលច្រើនអាណត្តិមកហើយ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពោលតាំងពីឆ្នាំ១៩៧៩ គឺបានជំរុញជាប់ជាប្រចាំលើការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សនេះ។
ការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅនៅតាមសាលានានា ទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន១១ខ្នង ស្មើនឹង១៤៩បន្ទប់។ សមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា អតីតកាលការសិក្សារៀនសូត្រ មិនដូចពេលបច្ចុប្បន្ននោះឡើយ ពោលជំនាន់លោកតា លោកយាយ មិនអាចមានឱកាសបានសិក្សារៀនសូត្រដូចកូន ចៅជំនាន់ក្រោយនេះទេ ហើយកុំថាឡើយតែអគារសិក្សាដែលមិនមានសម្រាប់អង្គុយរៀនសូត្រនោះ សូម្បីតែហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក៏ត្រូវបានកាត់ផ្ដាច់ដោយសារសង្គ្រាម។
សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការកសាងធនធានមនុស្ស ការអភិវឌ្ឍធនធានមនុស្ស ជាកត្តាសំខាន់ ដើម្បីសម្រេចបាននូវកិច្ចការងារនេះ។ រាជរដ្ឋាភិបាលច្រើនអាណត្តិ ក្រោយឆ្នាំ១៩៧៩ ការខិតខំស្ដារឡើងវិញនូវវិស័យអប់រំ គឺមានច្រើន។ ជំនាន់លោកតា លោកយាយ មិនបានរៀនសូត្រដូចចៅជំនាន់នេះទេ មិនបានមានអគារល្អ សូម្បីតែផ្លូវតភ្ជាប់តំបន់ខ្លះលំបាកដោយសារសង្គ្រាម ហើយខេត្តកំពង់ស្ពឺ មានសក្ដានុពលធំ ប៉ុន្ដែអកុសលដែលមិនមានឱកាសអភិវឌ្ឍន៍ដូចរាល់ថ្ងៃនោះទេ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្នុងជំនួបជាមួយអនុប្រធានធនាគារពិភពលោក សម្តេចបានលើកឡើងថា កម្ពុជា មានកម្លាំងពលកម្មវ័យក្មេងច្រើន ប៉ុន្តែបើមិនមានចំណេះជំនាញ និងសមត្ថភាពទេនោះ គឺមិនអាចចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិនោះឡើយ។ អនុប្រធានធនាគារពិភពលោក ក៏បានកោតសរសើរកម្ពុជា ដែលមានធនធានមនុស្សវ័យក្មេងច្រើន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា ធនធានមនុស្សវ័យក្មេងរបស់កម្ពុជា ត្រូវមានសមត្ថភាព និងត្រូវមានឱកាសរៀនសូត្រដើម្បីបង្កើនសមត្ថភាព។ សម្ដេចលើកឧទាហរណ៍ថា ប្រសិនបើធនធានមនុស្សកម្ពុជា មានសមត្ថភាពត្រឹមកាត់ដេរសម្លៀកបំពាក់ មិនអាចមានអ្នកវិនិយោគមកបណ្ដាក់ទុនបើករោងចក្របង្គុំអគ្គិិសនី ឬរោងចក្រតម្លើងរថយន្ដនោះទេ ដូច្នេះត្រូវតែមានសមត្ថភាពគ្រប់គ្រាន់។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំកែទម្រង់ជាប្រចាំរៀងរាល់អាណត្តិមកនេះ ដើម្បីកសាងធនធានមនុស្សប្រកបដោយសមត្ថភាព, កសាងប្រព័ន្ធអប់រំ និងពង្រឹងគុណភាពអប់រំនៅកម្ពុជាឲ្យកាន់តែមានការទទួលស្គាល់។
បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូសំដៅលើកកម្ពស់គុណវុឌ្ឍគ្រូ ឲ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ជាតិ និងអន្តរជាតិ, ដោយត្រូវផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្រៀនជាប្រចាំ និងឧបករណ៍គាំទ្រចាំបាច់នានា ស្របតាមវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល៕