(ភ្នំពេញ)៖ លោក Casey Barnett ​ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជា លើកឡើងថា កម្ពុជា​មាន​ការ​កាត់​បន្ថយ​អត្រា​ពន្ធ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំង១៤ ដែលបានទៅចរចាជាមួយអាមេរិក ដោយសារកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបន្ទាប់ពីការចរចាបានធ្លាក់ចុះជាង១០%។

តាមលិខិតជូនដំណឹងស្តីពីពន្ធគយចុងក្រោយរបស់អាមេរិក សហរដ្ឋអាមេរិកបានទម្លាក់អត្រាពន្ធបដិកាលើកម្ពុជាពី ៤៩% មកនៅ ៣៦% ខណៈប្រទេសថៃ អត្រាពន្ធនៅរក្សាដដែល គឺ៣៦% ចំណែកប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ក៏មិនបានបញ្ចុះអត្រាពន្ធនោះទេ ដោយប្រទេសកូរ៉េខាងត្បូងរក្សាអត្រា ២៥% ដដែល ឯជប៉ុនវិញឡើងពី២៤% មក២៥%។

​លោក Casey Barnett បានគូសបញ្ជាក់ថា «ភាពប្រសើរឡើងរបស់កម្ពុជា គឺដោយសារការចូលរួមយ៉ាងសកម្មជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ បច្ចុប្បន្ន​កម្ពុជា​ខិត​ជិត​ដៃគូ​ប្រកួតប្រជែង​សំខាន់​របស់​ខ្លួន គឺ​បង់ក្លាដែស និង​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​កម្ពុជា​នៅ​ពី​ក្រោយ​ប្រទេស​វៀតណាម ​ដែល​មាន​អត្រា ២០%។ វៀតណាម​បាន​ផ្តល់​សិទ្ធិ​ចូល​ទីផ្សារ​វៀតណាម​ដោយ​គ្មាន​ពន្ធ​ដល់​អាមេរិក។ រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះ កំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ»។​

សូមជម្រាបថា ក្រោមការដឹកនាំរបស់លោក​ ស៊ុន ចាន់ថុល និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កម្ពុជាបានចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋ​អាមេរិកចំនួន ២លើករួចមកហើយនៅទីក្រុងវ៉ាស៊ិនតោន ​សហរដ្ឋអាមេរិក គឺជុំទី១នៅខែឧសភា និងជុំ២នៅខែមិថុនា និងប្រជុំតាមប្រព័ន្ធអនឡាញម្តងទៀត នាដើមខែកក្កដា ឆ្នាំ២០២៥។

​សូមរំលឹកថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក Donald J. Trump ប្រធានាធិបតីអាមេរិក បានប្រកាសដាកចេញការអនុវត្តពន្ធ​គយ​បដិកាទៅលើជាង ១៨០ប្រទេសនៅទូទាំងពិភពលោក ដោយ​ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដោយមានអត្រាពន្ធ៤៩%។ ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ក្រោយការប្រកាសខាងលើ ពោលគឺនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្ញើលិខិតផ្លូវការទៅកាន់ លោកប្រធានាធិបតីអាមេរិក បង្ហាញអំពីការប្តេជ្ញាចិត្តលើកកម្ពស់ការ​នាំ​ចូលផលិតផលរបស់អាមេរិក ជាមួយការកាត់បន្ថយភ្លាមៗនូវពន្ធគយ​សម្រាប់ផលិតផលចំនួន១៩ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate) និងការប្តេជ្ញាចិត្តយ៉ាងពេញលេញ​របស់​កម្ពុជា ក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិត​ភាពជាមួយរដ្ឋាភិបាលអាមេរិក។

​បន្ទាប់មករាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចលេខ ៥២ សសរ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារ​ចំពោះ
​កិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ​ទ្វេភាគី​កម្ពុជា-សហរដ្ឋអាមេរិក ដែលត្រូវដឹកនាំដោយលោកឧបនាយក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ដែលមានភារកិច្ចក្នុងការសម្របសម្រួលចរចា និងជំរុញទំនាក់ទំន​ង​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក, សម្របសម្រួល និងជំរុញ​ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា, សហការសម្របសម្រួល​ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និង​សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា, សិក្សាវាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍ នៃលទ្ធផលការងារជូន​ប្រមុខ​រាជ​រដ្ឋាភិបាល៕