(តាកែវ)៖ គណៈអភិបាលខេត្តតាកែវ និងសមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានសម្ដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈការប្ដឹងទៅតុលាការអន្តរជាតិ ICJ និងបានបង្ហាញស្មារតីគាំទ្រដល់វីរភាពរបស់កងទ័ពដែលកំពុងតែឈជើងការពារព្រំដែននៅសមរភូមិមុខ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក នុត ខុន សមាជិកក្រុមប្រិក្សាខេត្តតាកែវ បានថ្លែងថា ការឈ្លានពានរបស់ក្រុមទាហានថៃ មកលើបូរណភាពទឹកដីខ្មែរ បានធ្វើឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បានធ្វើការប្ដេជ្ញាចិត្តក្នុងការគាំទ្រ ការដឹកនាំចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងបាននាំគ្នាបរិច្ចាគថវិកា សម្ភារយកទៅផ្ដល់ជូនកងទ័ពដែលកំពុង តែឈជើងការពារព្រំដែននៅសមរភូមិមុខថែមទៀតផង។

លោក នុត ខុន បានបន្ដថា ក្នុងនាមមន្ដ្រីរាជការ និងប្រជាពលរដ្ឋ ដែលនៅសមរភូមិក្រោយ នឹងបន្តសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការគាំទ្រទាំងស្មារតី និងសម្ភារដល់កងទ័ពដែលកំពុងតែឈរជើងការពារព្រំដែន ដ៏អង់អាចក្លាហានពីការឈ្លានពានរបស់ប្រទេសថៃ។

ឆ្លើយតបទៅនិងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្ត បានថ្លែងថា កន្លងមកអាជ្ញាធខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តតាកែវ បានគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈការដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ហើយចំពោះកងទ័ពដែលកំពុងតែការពារព្រំដែន នៅសមរភូមិមុខ បានគាំទ្រទាំងស្មារតី និងសម្ភារតាមរយៈលោកអភិបាលខេត្តតាកែវ បានដឹកនាំគណប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងនាំយកសម្ភារ និងថវិការបស់ប្រជាពលរដ្ឋ មន្ដ្រីរាជការក្នុងខេត្តតាកែវ បានជួយឧបត្ថមតាមរយៈ រដ្ឋបាលខេត្ត ដើម្បីយកទៅផ្ដល់ជូនដល់កងទ័ពនៅសមរភូមិមុខនៅព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ៕