(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ ដោយមានការចូលរួមពីមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាល ស្រុកសេសាន បានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅឃុំភ្លុក។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សព្វថ្ងៃនេះការចិញ្ចឹមគោ-ក្របី នៅក្នុងខេត្តស្ទឹងត្រែង នៅមានកម្រិត ពោលគឺនៅមិនទាន់បានអនុវត្តតាមវិធានបច្ចេកទេសឲ្យបានត្រឹមត្រូវនៅឡើយទេ ដោយឡែកការចិញ្ចឹមរបស់ពួកគាត់ គឺនៅតែបន្តការចិញ្ចឹមតាមបែបប្រពៃណី ចិញ្ចឹមដោយព្រលែង គ្មានការថែទាំត្រឹមត្រូវ និងគ្មានចំណីត្រឹមត្រូវ គ្រប់គ្រាន់ បានធ្វើឱ្យសត្វគោ-ក្របី មួយចំនួនជួបប្រទះបញ្ហាសុខភាព ងាយទទួល រងនូវជម្ងឺ និងអាចស្លាប់ជាដើម ហើយក៏បានធ្វើឱ្យកសិករខាតបង់ពេលវេលាការងារ និងថវិកា។
លោក ទុំ នីរ៉ូ បានបន្ថែមថា ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីបសុពេទ្យ បានចុះពិនិត្យតាមបណ្តាមូលដ្ឋានដើម្បីជម្រុញដល់ប្រជាពលរដ្ឋខិតខំចិញ្ចឹមសត្វគោ ក្របី មានក្រោលត្រឹមត្រូវ និងធានានូវសន្តិសុខស្បៀង ប្រភពចំណូលគ្រួសារ កត្តាផ្គត់ផ្គង់ក្នុងស្រុក និងក្រៅស្រុក ក្នុងទិសដៅជម្រុញសេដ្ឋកិច្ចរបស់ប្រជាកសិករឱ្យមានការកើនឡើង និងបានអំពាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ គោ ក្របី ជ្រូក ជាដើម សូមជួយគ្រប់គ្រង កុំឱ្យពាសវាលពាសកាល ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងបង្កការគ្រោះថ្នាក់ចរាចរជាដើម។
ថ្លែងនាឱកាសនោះដែរ លោក សរ សុពុត្រា បានថ្លែងកោតសរសើរ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរដែនដីទាំងអស់ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើងចំពោះសុខភាពសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ឈានទៅដល់ការកាត់បន្ថយនូវការចំណាយផ្សេងៗ និងចូលរួមចំណែកជាមួយអាជ្ញាធរ ក្នុងការរៀបចំចាត់ចែងគ្រប់គ្រងសត្វចិញ្ចឹម ជាពិសេស សត្វគោ ក្របី មានក្រោលត្រឹមត្រូវ និងធានានូវសន្តិសុខស្បៀង ថែករក្សាឱ្យបាននូវបរិស្ថានសោភណភាពក្នុងភូមិឋានរបស់ខ្លួន។
ស្របពេលជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងការដឹកនាំរបស់រាជរដ្ឋាភិបាល ចំពោះការប្តេជ្ញាចិត្តយ៉ាងគត់មត់បំផុតក្នុងការការពារអធិបតេយ្យភាពជាតិរបស់យើងដែលកំពុងតែមានការចង់ឈ្លានពានពីប្រទេសថៃ។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពស់ នូវក្នុងការការពារអធិបតេយ្យជាតិទោះក្នុងតម្លៃណាក៏ដោយ៕