(ភ្នំពេញ)៖ រឿងដែលកំពុងផ្ទុះក្នុងសារព័ត៌មានថៃថ្ងៃនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់អ្នកឧកញ៉ា កុក អាន ភ្ជាប់ជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោក តាមអនឡាញ និងទាញភ្ជាប់មក សម្ដេចតេជោ ហ៊ុន សែន គ្មានអ្វីប្លែកសូម្បីតែបន្តិចសម្រាប់ក្រសែភ្នែកអ្នកតាមដាននយោបាយប្រទេសថៃ។ ពួកគេបានមើលឃើញកាន់តែច្បាស់ថា មេដឹកនាំថៃពិតជាក្រឡិចក្រឡុច ហើយល្បិចកលរបស់ពួកគេកាន់តែស្មោគគ្រោកខ្លាំងឡើង។

រឿងដែលកើតមាននៅថ្ងៃនេះត្រូវគេមើលឃើញថា គ្រាន់តែជាល្បិចទុច្ចរិតរបស់អ្នកដឹកនាំប្រទេសនេះដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន ហើយបៀមឈាមព្រួសដាក់កម្ពុជាដូចទម្លាប់ដែលពួកគេបានធ្វើរួចមកហើយ។

គួរកត់សម្គាល់ថាប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសថៃជួបនឹងស្ថានភាពធ្ងន់ធ្ងរណាស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញរហូតដល់អ្នកជំនាញ និងអ្នកនយោបាយថៃមួយចំនួនចាត់ទុកប្រទេសថៃថាស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ពីព្រោះការរកឃើញបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញ មានច្រើនខ្លាំងពេកដែលមិនគួរឱ្យជឿ។ ដូច្នេះ មន្ត្រីថៃដែលពោរពេញដោយល្បិចខូចរាប់រយជំពូក ក៏ដេករកនឹកថា តើធ្វើដូចម្តេចដើម្បីលុបលាងភាពអាម៉ាស់របស់ខ្លួន និងអាចជះបញ្ហានេះដាក់កម្ពុជាបាន។
ប្រសិនបើរឿងនេះកើតនៅតាមបណ្តោយព្រំដែនគឺពិតជាងាយស្រួលណាស់សម្រាប់មន្ត្រីថៃ ក្នុងការផ្ទេរមកឱ្យកម្ពុជាតាមរយៈការចោទប្រកាន់ទាំងបំពានថា ក្រុមឧក្រិដ្ឋជនឆ្លងដែនពីកម្ពុជា ដូចដែលពួកគេធ្លាប់បានធ្វើកាលពីពេលកន្លងទៅ។

ប៉ុន្តែគ្រប់ករណីទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺស្ថិតនៅជ្រៅក្នុងទឹកដីថៃ ដែលឆ្ងាយពីព្រំដែនកម្ពុជា។ ដូច្នេះមានមធ្យោបាយតែមួយគត់ ដែលពួកគេអាចធ្វើបាន គឺការចោទដាក់លើអ្នកជំនួញដែលមានទំនាក់ទំនងជាមួយមេដឹកនាំកម្ពុជា ដោយប្រើយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ៖ ទី១ គឺបៀមឈាមព្រួសដាក់កម្ពុជា និងទី២ គឺបង្ខូចឈ្មោះមេដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដោយចោទថា ឧកញ៉ា កុក អាន ស្និទ្ធជាមួយ សម្តេចតេជោ ហ៊ុន សែន ជាការស្រេច។ ល្បិចនេះនៅលើគោកពេកហើយ និងក៏មិនខុសពីក្រុមជ្រុលនិយខ្មែរបាន និងកំពុងធ្វើនោះឡើយ។

បើពិនិត្យឱ្យបានដិត ដល់ជាងនេះទៀត ទង្វើរបស់អាជ្ញាធរថៃគឺមិនខុសអ្វីពីការចាប់មនុស្សជាចំណាប់ខ្មាំងនោះឡើយ។ ជម្លោះបញ្ហាព្រំដែនស្រាប់តែរាលដាលដល់អ្នកជំនួញ ដែលជារឿងមិនគួរឱ្យជឿ និងមិនគួរកើតមានឡើងទាល់តែសោះ។ យើងអាចចោទជាសំណួរថា ប្រសិនបើលោក កុក អាន មានកំហុសរឿងបណ្តាញឆបោកតាមអនឡាញមែន ចុះហេតុដូចម្តេចបានជាអាជ្ញាធរថៃ មិនចាត់ការគាត់តាំងពីយូរមកហើយ?

ហេតុដូចម្តេចទើបតែមកផ្អើល នៅពេលដែលកម្ពុជានិងថៃមានទំនាស់តានតឹងរឿងព្រំដែននៅពេលនេះ? ពីព្រោះនរណាក៏ដឹងដែរថា លោក កុក អាន ចេញចូលរកស៊ីនៅស្រុកថៃយូរមកហើយដោយលោកមានផ្ទះនិងមានមុខជំនួញជាច្រើននៅក្នុងប្រទេសថៃ។
នយោបាយចាប់ចំណាប់ខ្មាំងបែបនេះមិនគួរធ្វើទាល់តែសោះពីព្រោះវាប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់ជំនឿទុកចិត្តរបស់អ្នកវិនិយោគទុន ពីព្រោះទាំងនៅកម្ពុជា ទាំងនៅថៃ សុទ្ធតែមានអ្នកជំនួញជនជាតិ ទាំងពីរចេញចូលរកស៊ីជាច្រើន។

មេដឹកនាំខ្មែរទាំងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាំងសម្ដេចប្រធានព្រឹទ្ធសភា ហ៊ុន សែន សុទ្ធតែធ្លាប់បានបញ្ជាក់ថា មិនត្រូវធ្វើឱ្យទំនាស់ព្រំដែនរាលដាលទៅក្នុងវិស័យផ្សេងឡើយ។ សម្ដេចតេជោ ហ៊ុន សែន ថែមទាំងធ្លាប់បានអំពាវនាវកុំឱ្យមានការរើសអើងជនជាតិថៃ និងកុំធ្វើពហិកាទំនិញថៃទៀតផង។ នេះសបញ្ជាក់ថា មេដឹកនាំកម្ពុជាមានភាពចាស់ទុំជាងមេដឹកនាំថៃឆ្ងាយណាស់។ ផ្ទុយទៅវិញ មេដឹកនាំថៃទាំងស៊ីវិលនិងយោធា តែងតែបញ្ចេញប្រតិកម្ម ដោយខ្វះភាពចាស់ទុំយ៉ាងខ្លាំង ហើយបានប្រើល្បិចកល ពិសពុល និងស្មោគគ្រោកកាន់តែខ្លាំង៕