(ភ្នំពេញ)៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

អ្នកនាំពាក្យក្រសួងវប្បធម៌ បានលើកឡើងចំនួន៦ចំណុច ដូចខាងក្រោម៖

* ១៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ និងបានបញ្ជូនឯកសារពាក់ព័ន្ធនឹង «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ទៅលេខាធិការដ្ឋានរបស់គណៈកម្មាធិការបេតិកភណ្ឌវប្បធម៌អរូបី (ICH) តាំងពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ដើម្បីស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ។

* ២៖ បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងត្រៀមបន្តការងារជាមួយលេខាធិការដ្ឋាន ICH លើការងារសេសសល់ជាយថាហេតុ។ មកទល់ពេលនេះ ដំណើរការចុះបញ្ជីនេះនេះ ប្រព្រឹត្តត្រឹមត្រូវតាមនីតិវិធី ហើយស្ថិតក្នុងដំណាក់កាល ពិនិត្យ វាយតម្លៃ ពីស្ថាប័នជំនាញរបស់ ICH ដែលឯករាជ្យ និងមានវិជ្ជាជីវៈខ្ពស់។

* ៣៖ គោលបំណងសំខាន់ដែលព្រះរាជាណាចក្រកម្ពុជាស្នើសុំចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» របស់ខ្មែរ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីដូនតាយូរលង់ណាស់មកហើយ និងបច្ចុប្បន្ន ប្រជាពលរដ្ឋបានថែរក្សាការពារនិងអនុវត្តបានយ៉ាងត្រឹមត្រូវនូវមរតកដ៏ថ្លៃថ្លានេះហើយក្នុងបំណងដើម្បីបង្ហាញពិភពលោកទាំងមូលអំពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរជាពិសេសប្រពៃណីទំនៀមទម្លាប់ទាក់ទង នឹងពិធីអាពាហ៍ពិពាហ៍ខ្មែរ។

* ៤៖ សំណើការរៀបចំចុះ «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកនេះ ទទួលបានកិច្ចការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសសហគមន៍ (Bearers and Practitioners of the tradition) ដោយកសាងបាននូវឯកសារចុះបញ្ជី ព្រមទាំងឯកសារពាក់ព័ន្ធទៅតាមគោលការណ៍ណែនាំរបស់ ICH (Operation directive of Unesco 2003 convention)។

* ៥៖ «ពិធីអាពាហ៍ពិពាហ៍ខ្មែរ» រួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបចំមង្គលការ ភ្លេង និងបទចម្រៀង សម្រាប់មង្គលការ សម្លៀកបំពាក់សម្រាប់ពិធី ការតុបតែងខ្លួន និងធាតុផ្សំផ្សេងទៀត នៃពិធីមង្គលការទៅតាមប្រពៃណីខ្មែរយើង ដែលមានជាយូរលង់មកហើយ ហើយដែលខែ្មរយើងនៅបន្តថែរក្សា អនុវត្ត និងការពារ ព្រមទាំងចាត់ទុកថា ជាពិធីមិនអាចខ្វះបានក្នុងជីវិត គូស្រករខ្មែរយើង។

* ៦៖ ការពិនិត្យចុះបញ្ជីជាក់ស្ដែង អាចនឹងធ្វើឡើងនៅដំណាច់ឆ្នាំ២០២៦ ខាងមុខនេះ៕