(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក និងសហការី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចខិតខំប្រឹងប្រែងសន្តិសុខទឹក ពិនិត្យវឌ្ឍនភាព និងស្វែងរកឱកាសគាំទ្របន្ថែមទៀត ជាមួយធនាគារពិភពលោកសម្រាប់ការវិនិយោគរយៈពេលវែង។
ថ្លែងក្នុងកិច្ចជំនួបលោករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងអំពីបឹងទន្លេសាប ដែលសម្បូរទៅដោយជីវៈចម្រុះ និងតំបន់ដីសើមជួយការពារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការពារប្រព័ន្ធអេកូឡូស៊ី ហើយដែលត្រូវបានបែងចែកជាបីតំបន់ គឺតំបន់១ ជាតំបន់លំនៅដ្ឋាន, តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងតំបន់៣ ជាតំបន់ដែនព្រៃលិចទឹក និងជម្រកត្រីសំខាន់ៗ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីសារសំខាន់របស់បឹងទន្លេសាបចំពោះប្រទេសកម្ពុជា ក្នុងការរក្សាតុល្យភាពទឹក សន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជួយគ្រប់គ្រងជំនន់តាមរដូវ គាំទ្រដល់ផលិតភាពជលផលក្នុងស្រុក និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារ ថែរក្សា និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព និងបរិយាបន្ន។
ក្នុងឱកាសនេះដែរ លោក ថោ ជេដ្ឋា ក្នុងនាមជាប្រធានអាជ្ញាធរទន្លេសាប ក៏បានស្នើសុំធនាគារពិភពលោក ដើម្បីជួយដឹកនាំ និងសម្របសម្រួលក្នុងចំណោមដៃគូអភិវឌ្ឍន៍ លើគំនិតផ្ដួចផ្តើមបឹងទន្លេសាប លើកម្មវិធីគ្រប់គ្រង និងស្តារអាងទន្លេសាបជាមួយនឹងការគាំទ្រការវិនិយោគរយៈពេលវែងពី៥ ទៅ១០ឆ្នាំ ជាពិសេសការគាំទ្រលើគំរូអភិវឌ្ឍន៍ភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP) ក្នុងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការស្តារ ឬសាងសង់អាងស្តុកទឹកនៅក្នុងអាងសំខាន់ៗ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាការផ្គត់ផ្គង់ទឹក រក្សាលំហូរទឹក និងធានានូវសន្តិសុខទឹក កសាងភាពធន់នឹងអាកាសធាតុនិងនិរន្តរភាពបរិស្ថាន ការពារប្រព័ន្ធអេកូឡូស៊ី បង្កើនផលិតភាពជលផល ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ៕