(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា អ្វីដែលកម្ពុជាត្រូវបារម្ភ គឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាសដែលកំពុងដំណើរការ និងគ្រោងដំណើរការរាប់រយបន្ថែមទៀត។

លោក ស៊ុន មេសា បានលើកឡើងថា អត្រាពន្ធរបស់អាម៉េរិកនេះ គឺជារឿងសកល ដែលមិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះឡើយ ពោលគឺឡាវជាប់អត្រាពន្ធ ៤០% មីយ៉ាន់ម៉ា ៤០% ថៃ ៣៦% បង់ក្លាដែស ៣៥% ឥណ្ឌូនេស៊ី ៣២% និងកម្ពុជា ៣៦%។ សម្រាប់កម្ពុជាក្រោយពីការចរចាពន្ធ កម្ពុជាទទួលបានការកាត់បន្ថយពន្ធច្រើន ជាងប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ីពី ៤៩%មកត្រឹម ៣៦%។

លោកបានកត់សម្គាល់ឃើញថា ពន្ធរបស់អាម៉េរិកនៅក្នុងអាណត្តិលោក ដូណាល់ ត្រាំ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៧ ដែលមានរយៈពេលតែ ២ឆ្នាំទៀតប៉ុណ្ណោះ ព្រោះអាមេរិក នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលនឹងធ្វើឱ្យរោងចក្រសហគ្រាសនៅតែបន្តរកស៊ីក្នុងប្រទេសកម្ពុជា។ ចំណែកឯរោងចក្រធំៗវិញ គឺមានទីផ្សារទូទាំងពិភពលោក ដូចនេះពួកគេអាចបង្វែរទីផ្សារទៅកាន់ប្រទេសអឺរ៉ុប កាណាដា អូស្រ្តាលី ជប៉ុន អង់គ្លេស និងចិនជាដើម។ ប៉ុន្តែរោងចក្រតូចៗដែលទទួលការបញ្ជាទិញបន្តច្រើនតង់គ្មាន ទីផ្សារច្បាស់លាស់នឹងបាត់បង់ការប្រកួតប្រជែង។

អ្នកនាំពាក្យរូបនេះ បានបន្តថា៖ «រោងចក្រខ្នាតអន្តរជាតិដូចជា៖ H&M, GAP, PUMA និង NIKE ជាដើម នឹងមិនរើរោងចក្រពីប្រទេសកម្ពុជានោះទេ ព្រោះរោងចក្រធំៗ ទាំងនេះមានទីផ្សារច្រើនក្រៅពីអាម៉េរិកដូចជា៖ ទីផ្សារអឺរ៉ុប អង់គ្លេស ជប៉ុន ចិន កាណាដា និងអូស្ត្រាលីជាដើម»។ បន្ថែមពីនេះ ក្រៅពីកម្លាំងពលកម្មរបស់កម្ពុជា មានផលិតភាពខ្ពស់ វិនិយោគិនក៏ទទួលបាននូវការសម្រួលយ៉ាងល្អប្រសើរពីសំណាក់រដ្ឋាភិបាលកម្ពុជា ហើយសូម្បីក្រសួងការងារក៏បានកាត់បន្ថយសេវាជាច្រើន ដើម្បីសម្រួលដល់វិនិយោគដែរ។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ បានមើលឃើញថា ការរើរោងចក្រត្រូវចំណាយពេលយូរ និងមាននីតិវិធីស្មុគស្មាញត្រូវចុះបញ្ជី ទិញ/ជួលទីតាំងដីនិងសំណង់ និងត្រូវសាងសង់ រៀបចំប្រព័ន្ធគ្រប់គ្រងក្នុងរោងចក្រ ហើយការរើសបុគ្គលិកនិងការផ្តើមប្រតិបត្តិការគឺមិនអាចធ្វើឱ្យរោងចក្រធំៗជ្រើសរើសការរើចេញនោះឡើយ។

ក្រៅពីបញ្ហាពន្ធអាមេរិកចំនួន ៣៦% កម្ពុជាកំពុងរីករាយនឹងគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣៧៣ ជាមួយនឹងទុនវិនិយោគ ៥,៨ប៊ីលានដុល្លារអាម៉េរិក និងបង្កើតឱកាសការងារប្រមាណជាង ២៥ម៉ឺនកន្លែង ជូនប្រជាពលរដ្ឋកម្ពុជា។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការសម្រេចចិត្តរបស់វិនិយោគបរទេស ដែលមានទាំងក្រុមហ៊ុនអាម៉េរិកផង ក៏បានដឹងពីពន្ធរបស់អាម៉េរិកដែរ ប៉ុន្តែនៅតែមកបោះទុនវិនិយោគ នោះមានន័យថា ពន្ធអាម៉េរិករយៈពេលខ្លីនេះ គឺប្រហែលជាមិនមែនជាការព្រួយបារម្ភធំដុំទេ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សង្គមស៊ីវិល សហជីព និងអ្នកនយោបាយមួយចំនួនតូច កុំប្រើប្រាស់លេស ការតម្លើងពន្ធរបស់អាម៉េរិកមកលើកម្ពុជា ជាឈ្នាន់នយោបាយ បំភិតបំភ័យកម្មករ និងពលរដ្ឋស្លូតត្រង់ ហើយគួរប្រកាន់យកប្រយោជន៍ជាតិដ៏ឧត្តុង្គឧត្តមជំនួសវិញ៕