(កំពង់ធំ)៖ លោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះធ្វើវេទិកាសាធារណៈ នៅវត្តជ្រលង ស្ថិតក្នុងឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក អ៊ា ឃីម៉េង អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ្រលង ស្រុកតាំងគោក លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជ្រលង លោក ហាក់ ម៉ុងហួត អភិបាល ស្រុកតាំងគោក តំណាងមន្ទីរជុំវិញខេត្តកំពង់ធំ ប្រធានក្រុមប្រឹក្សាស្រុក និងប្រធាន អនុប្រធានការិយាល័យ ស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកទាំងអស់ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំជ្រលង កងកម្លាំងទាំង៣របស់ស្រុក និងប្រជាពលរដ្ឋក្នុងឃុំជ្រលង សរុបចំនួនជាង៣០០នាក់។
លោក ឈាង វណ្ណារិទ្ធ បានសង្កត់ធ្ងន់ថា វេទិកាសាធារណៈនេះរៀបចំឡើងក្នុងគោលបំណងបន្តផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល, ស្វែងយល់អំពីជីវភាពរស់នៅ និងផ្តល់ឱកាសជូនដល់ពុកម៉ែបងប្អូន លើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា ព្រមទំាងកំណត់វិធានការដោះស្រាយឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះផងដែរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក ក៏បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខ ដោយសេចក្តីនឹករឭកពីសំណាក់ លោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំជ្រលង ស្រុកតាំងគោកផងដែរ។
លោក ឈាង វណ្ណារិទ្ធ បានជម្រាបបន្ថែមជូនអង្គវេទិកាជ្រាបថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺជាយន្ដការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការចុះជួយតម្រង់ទិស គាំទ្រ លើកកម្ពស់ កែលម្អ និងជំរុញការផ្សារភ្ជាប់រវាងការអនុវត្ដយុទ្ធសាស្រ្ដ និងផែនការអភិវឌ្ឍន៍របស់ថ្នាក់ក្រោមជាតិតាមភូមិ ឃុំ និងស្រុក ទៅនឹងរបៀបវារៈនៃការអភិវឌ្ឍគោលនយោបាយ និងយុទ្ធសាស្រ្ដថ្នាក់ជាតិ ដើម្បីបន្ដលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ ការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ ការបន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ធគន្លឹះ និងការធានាឱ្យបានសណ្ដាប់ធ្នាប់ សុខសន្ដិភាព និងសុវត្ថិភាព ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលបានកើតឡើងនៅមូលដ្ឋានផ្ទាល់, ប៉ុន្តែបានបញ្ជាក់ជូនអង្គពិធីថា ការចុះមូលដ្ឋានរបស់ក្រុមការងារនេះ មិនមែនមកអនុវត្តការងារជំនួសអាជ្ញាធរ និងសមត្ថកិច្ចនៅមូលដ្ឋាននោះទេ ពោលគឺមកជួយតម្រង់ទិសលើការអនុវត្តការងារ ពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងផ្តល់ការគាំទ្រចាំបាច់នានា សំដៅដល់ការជំរុញការអភិវឌ្ឍថ្នាក់មូលដ្ឋានឱ្យកាន់តែល្អប្រសើរ។
លោកក៏បានរំលឹកផងដែរអំពីសាវតានៃយន្តការនេះ ដែលជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីអនុញ្ញាតឱ្យមន្ត្រីថ្នាក់ជាតិ មានឱកាសក្នុងការចូលរួមជួយអភិវឌ្ឍនៅតាមមូលដ្ឋាននានា នៅទូទាំងប្រទេស តាមរយៈការសហការការងារជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ ហើយក៏បានលើកឡើងប្រសាសន៍ក្រើនរំលឹករបស់ សម្ដេចតេជោ «មន្ត្រីជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនឡើយ»។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់ ប្រកបដោយឆន្ទៈខ្ពស់ និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តផ្ដល់អាទិភាពខ្ពស់ ចំពោះការអនុវត្ដយន្ដការដ៏មុតស្រួចនេះ ដើម្បីលើកកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, កែលម្អសេវារដ្ឋបាលសាធារណៈ និងលើកស្ទួយយុត្តិធម៌សង្គម។ល។
លោក ឈាង វណ្ណារិទ្ធ ក៏បានបញ្ជាក់ថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល ពីមួយអាណត្តិទៅមួយអាណត្តិ។ ជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងកំណត់នូវអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ព្រមទាំងដាក់ចេញនូវវិធានការគន្លឹះទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សំដៅធានាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានកាន់តែល្អប្រសើរ។
ក្នុងអង្គវេទិកាសាធារណៈខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងនូវកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងវិស័យដីធ្លី និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ហើយលោក ឈាង វណ្ណារិទ្ធ និងមន្ត្រីជំនាញនៃមន្ទីរ និងស្រុក បានរួមគ្នាពិនិត្យ រកវិធីដោះស្រាយ ក៏ដូចស្រាយបំភ្លឺ ជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ហើយបញ្ហាដែលនៅសេសសល់មួយចំនួនតូច បានប្រគល់ជូនលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបន្តចុះជាក់ស្តែងនៅទីតាំង ជាពិសេសតាមដាន និងត្រួតពិនិត្យ នូវទិសដៅការងារ និងដំណោះស្រាយដែលបានដាក់ចេញ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោក ឈាង វណ្ណារិទ្ធ ក៏បានណែនាំក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងការផ្តល់នូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ តាមរយៈការពន្លឿន និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានខ្ជាប់ខ្ជួន និងបន្តស្តាប់នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបន្តខិតខំពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសត្រូវចុះពិនិត្យ និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ តាមរយៈការជួបប្រាស្រ័យទាក់ទងតាមសហគមន៍មូលដ្ឋាន និងការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋានឱ្យបានញឹកញាប់ និងនៅគ្រប់មូលដ្ឋាន ដោយត្រូវបន្តខិតខំលុបបំបាត់នូវអំពើអសកម្ម និងចំណុចខ្វះខាតនានា ដែលប៉ះពាល់ដល់សតិអារម្មណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវបន្តខិតខំធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើមសំដៅបង្កើនទំនុកចិត្ត ភាពជឿជាក់ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំ ក៏ដូចជាមានការជឿជាក់មកលើរាជរដ្ឋាភិបាលរបស់យើងផងដែរ៕