(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវដល់ម្ចាស់រោងចក្រ និងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា សូមរក្សាភាពនឹងនរចិត្ដ និងជឿទុកចិត្ដលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានលទ្ធភាពដោះស្រាយគ្រប់បែបយ៉ាងចំពោះបញ្ហាធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចូលរួមក្នុងសន្នីសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចចរចាពន្ធបដិការបស់អាមេរិក ដែលកម្ពុជាសម្រេច បាន៣៦ភាគរយ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវទៅក្រុមហ៊ុន ដែលមានរោងចក្រនៅកម្ពុជា សូមថែរក្សាភាពស្ងាប់ស្ងៀម, រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីការពារនិយោជក និយោជិត និងផលប្រយោជន៍របស់កម្ពុជាយើង»។
បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឲ្យមានការទុកចិត្ដ និងជឿទុកចិត្ដលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងការបន្ដខិតខំប្រឹងប្រែង ការពារផលប្រយោជន៍ជាតិរបស់យើង។
បើតាមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្ដេចបវរធិបតី ជាប្រធាន ដែលគិតចាប់ពីខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានអនុម័តគម្រោងចំនួន ៣៩៦គម្រោង ដែលមានទុនវិនិយោគចំនួន៦ពាន់លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋ ចំនួន២៧១ពាន់កន្លែង។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កម្ពុជានៅតែមានឱកាស និងមានលទ្ធភាព ក្នុងការទាក់ទាញអ្នកវិនិយោគ មកដាក់ទុកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនដលបងប្អូនប្រជាពលរដ្ឋយើង។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស ពិចារណាត្រឡប់មកធ្វើការ នៅប្រទេសកំណើតវិញ ដោយសារកម្ពុជា កំពុងត្រូវការកម្លាំងពលរកម្មច្រើន ខណៈមកដល់ពេលនេះ កម្ពុជាកំពុងត្រូវការកម្លាំងពលកម្មប្រមាណ ៣០ម៉ឺនកន្លែងជារៀងរាលឆ្នាំ។
សូមជម្រាបថា ឆ្នាំ២០២៥នេះ ដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញផ្ទៃប្រទេស មានផ្លូវខ្វាត់ខ្វែង ធ្វើឱ្យវិនិយោគិនមានការជឿជាក់មកលើកម្ពុជា ខណៈដែល ឆ្នាំ២០២៥នេះ កម្ពុជារំពឹងទទួលគម្រោងវិនិយោគឡើងដល់ ៥០០គម្រោង ខណៈពេលរយៈពេល៦ខែ ឆ្នាំ២០២៥ បានអនុម័តរួច ៣៧៣គម្រោង និងមានក្នុងដៃជាង ៦០គម្រោង កំពុងពិនិត្យ និងអនុម័ត៕