(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាដល់និស្សិតចំនួន ៣០រូប នៃកម្មវិធី Techpreneur Bootcamp របស់ស្ថាប័ន DICHI Academy។
ពិធីនេះបានធ្វើឡើងនៅសាលប្រជុំជាន់ទី៣ ទីស្ដីការ ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន ដៃគូ សិស្សនិស្សិត និងអាណាព្យាបាលប្រមាណ ១៤០រូប។
កម្មវិធី Techpreneur Bootcamp គឺជាកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៩ខែ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្សនិស្សិតអំពីជំនាញអភិវឌ្ឍកម្មវិធី (Full Stack) រួមនឹងជំនាញសហគ្រិនភាព តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសជាក់ស្ដែងពីអ្នកជំនាញនៅតាមក្រុមហ៊ុនឯកជន និងផ្ដល់ឱកាសដល់សិស្សនិស្សិតក្នុងការអភិវឌ្ឍកម្មវិធីនិងរកដំណោះស្រាយឌីជីថលដើម្បីដោះស្រាយបញ្ហាជាក់ស្ដែង។ ទន្ទឹមនឹងនេះ និស្សិតចំនួន ៦ក្រុម បានអភិវឌ្ឍកម្មវិធី និងថ្នាលឌីជីថលដែលជាគម្រោងបញ្ចប់ការសិក្សារបស់ក្រុមនីមួយៗ ក្នុងនោះមានគម្រោង២ ត្រូវបានក្រមហ៊ុនជ្រើសរើសមកប្រើប្រាស់ដើម្បីជាដំណោះស្រាយអាជីវកម្មរបស់ពួកគេ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានលើកឡើងថា កម្មវិធីនេះ បានដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សឌីជីថលនៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល រដ្ឋាភិបាលឌីជីថល និងចូលរួមជំរុញពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា៕