(ភ្នំពេញ)៖ ប្រទេសថៃ ដែលជាសំបុកនៃបណ្តាញចែកចាយឧក្រិដ្ឋជនឆបោកតាមអនឡាញដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ពេលនេះកំពុងផ្ទុះរឿងអាស្រូវ និងបែកសំបុកឧក្រិដ្ឋជនពេញផ្ទៃប្រទេស ដែលអាជ្ញាធរពិបាកគ្រប់គ្រង។ រឿងអាស្រូវនេះ កំពុងដុតរោលប្រទេសថៃ និងកំពុងធ្វើឱ្យរដ្ឋាភិបាលក្រុងបាងកកក្រពុលមុខខ្លាំងរហូតស្រវាំងភ្នែកមើលអ្វីលែងឃើញ និងគិតអ្វីក៏មិនត្រូវ។ ពួកគេកំពុងកាឡៃ និងពង្រីកករណីលោក កុក អាន ដើម្បីនាំរឿងដល់កម្ពុជា។

តាមពិតនរណាក៏ដឹងដែរថា លោក កុក អាន ក៏មានសញ្ជាតិថៃ និងមានមុខជំនួញក្នុងប្រទេសថៃច្រើនជាងនៅកម្ពុជាទៅទៀត។ ប៉ុន្តែដោយហេតុថា លោក កុក អាន គឺជាសមាជិកព្រឹទ្ធសភាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ទើបពួកមេដឹកនាំថៃខំទាញរឿងនេះភ្ជាប់ជាមួយប្រទេសកម្ពុជា។ បើចង់ចោទថា លោក កុក អាន ជាអ្នករកលុយឱ្យសម្តេចតេជោ ហ៊ុន សែន រឹតតែមិនត្រូវទាល់តែសោះ។ វាគួរតែប្រទេសថៃ ឬមេដឹកនាំថៃទេដែលទទួលផលប្រយោជន៍ច្រើនពីជំនួញលោក កុក អាន គឺមិនមែនកម្ពុជាឬសម្តេចតេជោនោះឡើយ។

ម្យ៉ាងទៀត បើនិយាយពីភាពស្និទ្ធស្នាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន គឺនៅចាញ់ទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងសម្តេច និងលោក ថាក់ ស៊ីន ឆ្ងាយណាស់។ ដូច្នេះ បើអាជ្ញាធរថៃវាយតម្លៃពីភាពជិតស្និទ្ធ ដើម្បីចាប់កំហុស ប្រហែលជាតុលាការថៃត្រូវចាប់ខ្លួនលោក ថាក់ស៊ីន មុនគេ ពីព្រោះលោកទាំងពីរពិតជាស្និទ្ធស្នាលជាមួយគ្នាខ្លាំងណាស់។ ផ្ទុយទៅវិញ គេកម្រឃើញលោក កុក អាន និងសម្តេចតេជោ ហ៊ុន សែន ស្និទ្ធស្នាលជាមួយគ្នាណាស់ក្រៅពីថតរូបជាមួយគ្នាជាធម្មតា។

ក្រឡេកមើលចំណាត់ការរបស់អាជ្ញាធរថៃ គេអាចយល់បានថា រដ្ឋាភិបាលមួយនេះពិតជាអសមត្ថភាពខ្លាំងណាស់ក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន តែបែរជាមានជំនាញខ្លាំងណាស់ខាងការបង្វែរសាច់រឿង និងទម្លាក់កំហុសឱ្យអ្នកដទៃ។ ជាប្រទេសស៊ីវិល័យមួយដែរ ប៉ុន្តែសម្រេចអ្វីក៏មិនត្រូវ។ ជាក់ស្តែង ជម្លោះព្រំដែននៅតំបន់មុំ៣ ទាហានថៃបែរជាទៅបិទច្រកព្រំដែន ដែលនាំឱ្យប្រជាពលរដ្ឋខ្លួនខាតបង់យ៉ាងខ្លាំងទៅវិញ។

ពួកគេពង្រីករឿងព្រំដែនរហូតដល់ប្រកាសចង់ផ្តាច់អគ្គិសនី អ៉ីនធឺណិត និងការផ្គត់ផ្គង់ប្រេងដល់កម្ពុជាជាដើម ប៉ុន្តែពេលកម្ពុជាបានប្រកាសផ្តាច់មុន ធ្វើឱ្យថៃខាតប្រយោជន៍រាប់រយលានដុល្លារ។ នៅពេលដែលប្រជាជនថៃ នាំគ្នាធ្វើបាតុកម្មទាមទារឱ្យទាហានបើកព្រំដែនឡើងវិញ ដោយសារពួកគេទទួលរងផលប៉ះពាល់ជីវភាពខ្លាំង។ រឿងអាស្រូវឧក្រិដ្ឋជនឆបោកតាមអនឡាញក៏ផ្ទុះឡើងពេញ​ប្រទេស។ អាជ្ញាធរថៃហាក់ដូចជាទ័លប្រាជ្ញា ក៏ប្រញាប់បង្វែររឿងទៅនិយាយពីលោក កុក អាន ដើម្បីទាញភ្ជាប់មកកម្ពុជា។

និយាយជារួម ចំណាត់ការរបស់អាជ្ញាធរថៃ មិនខុសអ្វីពី «ដុតផ្ទះខ្លួនឯងដើម្បីចម្អិនពងមាន់មួយ» នោះឡើយ ពោលគឺ ដើម្បីតែបានទម្លាក់កំហុសមកលើកម្ពុជា ថៃសុខចិត្តបំផ្លាញផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជនខ្លួនឯងយ៉ាងច្រើន។ នេះគឺជារបៀបដឹកនាំបែបនាំរឿង ច្រើនជាងដោះស្រាយបញ្ហា។ ហេតុដូច្នេះហើយបានជាប្រទេសនេះមានទំនាស់ជាមួយអ្នកជិតខាងជុំទិសដោយគ្មានប្រទេសជិតខាងណាមួយរស់នៅបានសុខឡើយ៕

ដោយ វង្ស មករា
សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយ