(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ទីរជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យវឌ្ឍនភាព ការងារកាយសម្អាតបាតអាង សាងសង់តួទំនប់ និងរៀបចំគ្រឹះ ទំនប់អាងទឹកលេខ២ លើស្ទឹងអារ៉ៃ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ៣០%ហើយ។
លោក ខូយ រីដា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំក្រុមការងារមន្ទីរជំនាញ និងអាជ្ញាធរដែនដី ចុះមកពិនិត្យវឌ្ឍនភាព ទំនប់អាងទឹកលេខ២ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទំនប់នេះ មានកម្ពស់ដល់ទំនប់បង្ហៀរ ប្រវែង៤០ម៉ែត្រ, កម្ពស់ដល់ស្ពានខាងលើ ប្រវែង៦០ម៉ែត្រ និងបណ្តោយ ប្រវែង៤១០ម៉ែត្រ ព្រមទាំងមានវិសាលភាពគ្របដណ្ដប់ទៅលើវិស័យកសិកម្ម និងទេសចរណ៍។
លោកបន្តថា បច្ចុប្បន្នយើងមានទំនប់លេខ៣ ទំនប់លេខ៥ នៅស្រុកភ្នំក្រវាញ ដែលមានលទ្ធភាពស្ទុកទឹក ប្រហែលជា៦០លានម៉ែត្រគូប។ នៅពេលដែលទំនប់លេខ២នេះកើតឡើង គឺមានលទ្ធភាពស្ទុកទឹកបាន រហូតដល់៨៦០លានម៉ែត្រគូប ដែលអាចជួយស្រោចស្រពបាននូវដំណាំកសិកម្ម និងអាចបើកជួយអន្តរាគមន៍ ដល់ជីវិតមនុស្សសត្វរុក្ខជាតិទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់។
លោក ខូយ រីដា បន្ថែមថា នៅពេលដែលទំនប់នេះបញ្ចប់ការសាងសង់ វឌ្ឍនភាពនៃគម្រោងនេះ មានគុណប្រយោជន៍ដ៏ធំ សម្រាប់ប្រជាជនខេត្តពោធិ៍សាត់ ទី១លើវិស័យកសិកម្ម ទី២លើវិស័យទេសចរណ៍ និងទី៣ គឺធ្វើឲ្យខេត្តពោធិ៍សាត់ លែងលិចទឹកទៀតហើយ។ បន្ថែមពីនោះ វិសាលភាពដែលកើតចេញពីទំនប់លេខ២នេះ មិនមែនតែជួយផ្គត់ផ្គង់ដល់ផ្ទៃដីដែលមានស្រេចប៉ុណ្ណោះទេ ច្រើនជាងហ្នឹងទៀតយើងអាចពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ទៅឲ្យដល់ប្រជាជនតាមភូមិឃុំជាច្រើនទៀត ហើយក៏ជួយអន្តរាគមន៍រហូតដល់ស្រុករុក្ខគិរី និងស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជាប់នៅព្រំប្រទល់ខេត្តពោធិ៍សាត់ផងដែរ។
លោក ខូយ រីដា បានគូសបញ្ជាក់ថា លោកចុះមកនាពេលនេះ គឺចង់ដឹងថាវឌ្ឍនភាព នៃការសាងសង់ទំនប់ បានដល់ណាហើយ ជាលទ្ធផលយើងឃើញថា សម្រេចបានប្រមាណជា៣០%ហើយ។ ការសាងសង់ទំនប់លេខ២នេះ បើពិនិត្យជារួម គឺធ្វើបានលឿនមែនទែន អាចនិយាយបានថាជាទ្រព្យសម្បត្តិដ៏មហាសាល របស់ប្រជាជនខេត្តពោធិ៍សាត់ កើតចេញពីសុខសន្តិភាពពិតប្រាកដ បើគ្មានសុខសន្តិភាពទេ ការអភិវឌ្ឍទាំងអស់នេះ ប្រហែលជាមិនមានកើតឡើងនោះដែរ។
ក្នុងនាមរដ្ឋបាលខេត្ដ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមគោរពដឹងគុណជានិច្ច ចំពោះប្រមុខរាជរដ្ឋាភិបាល ដ៏ឆ្នើមរបស់យើង ដែលលោកតែងតែគិតគូរ ដឹកនាំប្រកបដោយគតិបណ្ឌិតបំផុត ធ្វើឲ្យខេត្តពោធិ៍សាត់ មានទ្រព្យសម្បត្តិមហាសាលជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ សាលារៀន...។ល។ លោកក៏សូមថ្លែងអំណរគុណ ចំពោះក្រុមការងារដែលកំពុងសាងសង់នេះ ឃើញថាមានភាពសកម្មមែនទែន ដែលមានក្រសួងធនធានទឹក លោកយកចិត្តទុកដាក់ បានចុះពិនិត្យជាប្រចាំ តាមផែនការអាចដើមឆ្នាំ២០២៧ ទំនប់នេះត្រូវហើយ។
លោកអភិបាលខេត្ត បានរំលឹកថា ភូមិសាស្ត្រខេត្តពោធិ៍សាត់ ហាក់បីដូចជាគ្រាប់ពេជ្រមិនទាន់ច្នៃ ពេលដែលប្រទេសជាតិយើងមានសង្គ្រាម រយៈកាលកន្លងមក តំបន់ទាំងអស់នេះ ទាំងស្រុកវាលវែង ស្រុកភ្នំក្រវាញ និងទូទាំងខេត្តពោធិ៍សាត់ គឺដូចជាគ្មានអ្វីដែលគួរឲ្យចាប់អារម្មណ៍ទេ តែនៅពេលដែលប្រទេសជាតិ មានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើន ធ្វើឲ្យខ្ញុំមិននឹកស្មានដល់ថា ខេត្តពោធិ៍សាត់មានទ្រព្យសម្បត្តិដ៏មហាសាល ដែលមានតម្លៃ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការ ពិសេសគឺប្រភពទឹកដូចនេះ។
ក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានបន្តចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងត្រៀមទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ ស្ពានតេជោសន្តិភាពឬស្សីជ្រុំ ដែលស្ថិតក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាពេលដ៏ខ្លីខាងមុខផងដែរ៕